ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលខណ្ឌដង្កោ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាជ្រាវបង្ក្រាបចាប់ខ្លួនជនសង្ស័យ០៣នាក់ក្នុងចំណោមបក្ខពួក០៨នាក់ ក្រោយពីពួកគេធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះ០១គ្រឿងបានសម្រេច ។
កម្លាំងនគរបាលបង្ក្រាបចាប់ខ្លួនជនសង្ស័យ០៣នាក់ក្នុងអំពើប្លន់ម៉ូតូបានធ្វើឡើងជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ មានជនសង្ស័យ០១ក្រុមជិះម៉ូតូ០៤គ្រឿងមានគ្នា០៨នាក់ បានធ្វើសកម្មភាពជិះម៉ូតូកៀរផ្តួលម៉ូតូ០១គ្រឿងជិះដោយជនរងគ្រោះម្នាក់ឯង ហើយពួកវាក៏បានយកកាំបិតបុ័ងតោដេញកាប់គំរាមសម្លាប់ជនរងគ្រោះ រត់ចោលម៉ូតូ រួចពួកគេលើកម៉ូតូជនរងគ្រោះបើកគេចខ្លួនបាត់ ។ ម៉ូតូជនរងគ្រោះម៉ាកហុងដាប៊ីត ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ 1V-2523 ជារបស់ឈ្មោះ តឿង ប៊ុនថន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមេកាជាងសំណង់ រស់នៅផ្ទះជួលភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ។
បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឱ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពនៃអំពើប្លន់ម៉ូតូរួចហើយ កម្លាំងនគរបាលការិយាល័យជំនាញសហការជាមួយនគរបាលខណ្ឌដង្កោស្រាវជ្រាវស៊ើបអង្កេតទើបឈានទៅដល់កំណត់បាននូវមុខសញ្ញាជនសង្ស័យទាំងនោះ ។ នៅថ្ងៃខាងលើក៏បានបង្ក្រាបចាប់ខ្លួនជនសង្ស័យ០១នាក់នៅខណ្ឌមានជ័យមាន ឈ្មោះ បូរ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ ។ ក្រោយពីសាកសួរជនសង្ស័យនេះហើយ នៅថ្ងៃដដែលកម្លាំងនគរបាលក្រោមការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបន្តទៅចាប់ខ្លួនបានបក្ខពួក០២នាក់ទៀតនៅខណ្ឌដង្កោមានឈ្មោះ អាន សំអន ភេទប្រុស អាយុ១៨ឆ្នាំ ប្រកបមុខរបរជាងភ្លើង និងជនសង្ស័យឈ្មោះ ឌឿន សៅរាសី ភេទប្រុស អាយុ២១ឆ្នាំ ប្រកបមុខរបរលក់ដូរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់នេះត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់