ភ្នំពេញៈ ឆ្នេរសមុទ្រមួយចំនួននៅក្នុងខេត្តតំបន់ទេសចរណ៍ ព្រះសីហនុ ដែលស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន នឹងត្រូវប្ដូរឈ្មោះថ្មី ជាឈ្មោះរបស់ខ្មែរវិញ ដោយសារឈ្មោះឆ្នេរទាំងនោះមិនមែនជាឈ្មោះពីដើម ដើម្បីលើកកម្ពស់តំបន់ឆ្នេរសមុទ្រកម្ពុជា ខណៈដែលកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ថ្លែងប្រាប់ Post News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ថា មានឆ្នេរមួយចំនួននឹងត្រូវប្ដូរឈ្មោះថ្មី ក្នុងនោះ មានឆ្នេរអារីស្តុន ប្ដូរមកឈ្មោះឆ្នេរអូរឈើទាល១ និងឆ្នេរសុខា ត្រូវប្ដូរទៅជាឆ្នេរអូរឈើទាល២ វិញ ដោយលោកបញ្ជាក់ថា “ដោយសារអារីស្តុន មិនមែនឈ្មោះពីដើមទេ គឺក្រុមហ៊ុនគេមករកវិនិយោគ អញ្ជឹងយើងមិនអាចឲ្យគេហៅអារីស្តុនទេ ចឹងដូរចេញ”។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានបដិសេធផងដែរ ជុំវិញព័ត៌មានលេចឮថា មានការកែប្រែឈ្មោះឆ្នេរអូរឈើទាល ទៅជាឆ្នេរសម្ដេចតេជោ។ លោកថា រដ្ឋាភិបាលគ្មានគោលការណ៍ប្ដូរឈ្មោះឆ្នេរអូរឈើទាល នោះទេ ប៉ុន្តែកន្លងមក ក្រសួងធ្លាប់បានដាក់ឲ្យមានការប្រកួតប្រជែងនូវស្នាដៃរចនាប្លង់ក្លោងទ្វារចូលតំបន់ឆ្នេរនានា ដើម្បីជាការលើកម្ពស់សោភ័ណ្ឌភាពឆ្នេរសមុទ្រកម្ពុជា។ ក្នុងនោះ មានបេក្ខជាច្រើនបានដាក់ពាក្យចូលប្រឡង ហើយក៏ដាក់បង្ហាញស្នាដៃរបស់បេក្ខជននៅទំព័រហ្វេសប៊ុករបស់លោក ដើម្បីឲ្យសាធារណជនមានមតិកែលម្អ ទើបធ្វើឲ្យមានការភ័ន្តច្រឡំកើតឡើង។
លោកប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក៏បានប្ដេជ្ញាថា នឹងរៀបចំសណ្ដាប់ធ្នាប់តូបលក់ដូរឲ្យបានល្អឡើងវិញ ជាពិសេសឆ្នេរអូរត្រេស នឹងមិនត្រូវឲ្យមានតូបលក់ដូរឡើយ ហើយក្រសួងនឹងកសាងក្លោងទ្វារចូលតំបន់ឆ្នេរនានាផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាតំបន់ឆ្នេរសមុទ្រកម្ពុជា ច្រើនជាងមុន។
ជុំវិញបញ្ហាសោភ័ណ្ឌភាពឆ្នេរសមុទ្រនេះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ Post News ថា នៅឆ្នាំ២០១៦នេះ ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យសមុទ្រជាលើកទី២ ហើយខេត្តនឹងខិតខំរៀបចំកម្មវធីផ្សេងៗ ដើម្បីជំរុញឲ្យការប្រព្រឹត្តទៅនៃពិធីបុណ្យសមុទ្រនេះឲ្យកាន់តែសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសដើម្បីឲ្យខេត្តប្រែមុខមាត់ថ្មី ក្នុងការអូសទាញភ្ញៀវទេសចរណ៍បរទេសឲ្យបានកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏នឹងរៀបចំការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អ ខិតខំថែរក្សាបរិស្ថានជុំវិញខេត្ត ជំរុញឲ្យមានការអភិវឌ្ឍន៍កែលម្អលើគ្រប់វិស័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យសេវាឲ្យបានល្អប្រសើរជាដើមផងដែរ។
គួរជម្រាបថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក កាលពីឆ្នាំ២០១១។ ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្តែងឲ្យឃើញពីរបត់ថ្មី នៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិ នៃឆ្នេរសមុទ្រកម្ពុជា៕
មតិយោបល់