ភ្នំពេញៈ បើយោងតាមប្រភពពីសមត្ថកិច្ចខណ្ឌឫស្សីកែវបានបង្ហើបប្រាប់ថា ស្ត្រីជាមេកន្ទុយលេខម្នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនរួចបញ្ជូនមកតុលាការនោះ ត្រូវបានលោក ចែ សុង តំណាងអយ្យការសម្រេចដោះលែងកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ម្សិលមិញដោយស្ងាត់បាត់ទៅហើយ។
សមត្ថកិច្ចដដែល បានបង្ហើបថា ការដោះលែងនេះត្រូវបានគេបិទបាំងដោយឲ្យសមត្ថកិច្ចនិយាយថា គេបានឃុំខ្លួនជនសង្ស័យហើយ ប៉ុន្តែការពិត មិនមានការឃុំខ្លួនអ្វីទេ គឺដោះលែងបាត់ទៅហើយ។
ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ Post News ថា ករណីចាប់ល្បែងស៊ីសង ហើយដោះលែងមនុស្សនោះ គឺមិនមែនទេ។ និយាយជារួម គឺជនដែលត្រូវសមត្ថកិច្ចចាប់ ជាអ្នកទៅមើលគេ ចំណែកអ្នកកត់កន្ទុយលេខពិតប្រាកដ ជាម្ដាយមីង។
មន្ត្រីដដែលបញ្ជាក់ថា ស្ត្រីម្នាក់ ដែលតុលាការដោះលែងនោះ គាត់ទើបនឹងសម្រាលកូនហើយគាត់មិនមានការពាក់ព័ន្ធនឹងរឿងនេះទេ ដោយពេលនេះ តុលាការកំពុងធ្វើការស៊ើបអង្កេតបន្ត។
គួររំលឹកថា ជនសង្ស័យឈ្មោះ ទេស ស៉ីថាត ភេទស្រីអាយុ៣០ឆ្នាំ មានមុខរបរលក់ដូរ និងកត់កន្ទុយលេខ ស្នាក់នៅផ្ទះ លេខ៥៥៥ ផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ ខណ្ឌ ឬស្សីកែវ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ បង្ក្រាប និងឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ បញ្ជូនទៅអធិការដ្ឋាខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាការដើម្បីចាត់ការបន្ត៕
មតិយោបល់