ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនព័ត៌មានថា ស្ថានទូតបានអន្តរាគមន៍ដោះស្រាយករណីពលករខ្មែរជួបបញ្ហា និងត្រូវបានចាប់ឃុំខ្លួនពីបទចូលប្រទេសថៃធ្វើការខុសច្បាប់ ដូចជា ទី១- ការផ្តល់ជំនួយដល់ពលករខុសច្បាប់៩នាក់ នៅទីក្រុងបាងកក នៅថ្ងៃទី ២៧ កក្កដា ២០១៦ ស្ថានទូតបានទទួលពលករខុសច្បាប់ចំនួន៩នាក់ ( ប្រុស ៧ នាក់ ស្រី ២ នាក់) ឲ្យស្នាក់នៅក្នុងស្ថានទូត ២យប់ (២៧-២៨ កក្កដា) ព្រមទាំងចេញលិខិតបើកផ្លូវ ឧបត្ថម្ភថ្លៃហូបចុក និងថ្លៃរថយន្តធ្វើដំណើរដល់ពលករ៧នាក់ ដែលយល់ព្រមវិលមកកម្ពុជាវិញតាមការណែនាំរបស់ស្ថានទូត។ ពលករ២នាក់បី្ត-ប្រពន្ធដែលចេះភាសាថៃ មិនព្រមវិលទៅកម្ពុជាវិញទេ ហើយបានចេញពីស្ថានទូតទៅបន្តរកការងារធ្វើដោយខុសច្បាប់។
ពលករទាំង៩នាក់ ចូលទៅប្រទេសថៃក្នុងនាមជាទេសចរ តែទៅធ្វើការដោយខុសច្បាប់ ដោយប្តូរកន្លែងធ្វើការពីមួយទៅមួយ(លិខិតឆ្លងដែនសិ្ថតនៅក្នុងដៃនិយោជកដំបូង)។ ពួកគាត់បាន រត់ចោលកន្លែងធ្វើការចុងក្រោយដោយមានមេខ្យល់សន្យានាំទៅធ្វើការនៅកន្លែងថី្ម តែពេលមិនឃើញមេខ្យល់មកតាមការណាត់ ភ័យខ្លាចប៉ូលិសចាប់ខ្លួន ទើបហៅស្ថានទូតឲ្យជួយ។ ស្ថានទូតសំរេចចេញលិខិតបើកផ្លូវដល់ពលករទាំងនេះ ព្រោះបើទាមទារលិខិតឆ្លងដែនពីនិយោជកចាស់យកមកប្រើ នោះពលករនឹងត្រូវជាប់ទោសឃុំខ្លួន ហើយត្រូវបង់ពិន័យយ៉ាងច្រើន(៥០០/បាតថៃ)សំរាប់ការស្នាក់នៅហួសពេលកំណត់ និងធ្វើការខុសច្បាប់។
២-ករណីពលករខ្មែរ១៦នាក់ ត្រូវប៉ូលិសចាប់ឃុំខ្លួននៅខេត្តAyutthaya ថ្ងៃទី ៨ កក្កដា ២០១៦ ក្នុងចំណោមពលករទាំង១៦នាក់(ស្រី១៥ នាក់ និងប្រុសម្នាក់) គឺ១១នាក់មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ តែជាប់ទោសពីបទធ្វើការខុសកន្លែងអនុញ្ញាត ហើយ៥នាក់ពុំមានកាន់ឯកសារអ្វីទាំងអស់។ ស្ថានទូតបានបញ្ជូនមន្រី្តទៅសួរសុខទុក្ខពលករទាំងនេះនៅពន្ធនាគារខេត្ត Ayutthaya ព្រមទាំងអន្តរាគមន៍ជំរុញឲ្យមានការកាត់កី្តឆាប់រហ័ស និងឲ្យក្រុមហ៊ុន World Asia Success Co., Ltd. ជានិយោជកបច្ចុប្បន្ន រ៉ាប់រងការបញ្ជូនពលករ១៤រូបឲ្យវិលត្រឡប់ទៅកម្ពុជាដើម្បីរៀបចំបែបបទមកធ្វើការនៅថៃវិញដោយស្របច្បាប់ ក្រោយពីតុលាការយល់ព្រមឲ្យដោះលែងនៅថ្ងៃ០១ សីហា ២០១៦។ នៅសល់២នាក់ទៀត មិនទាន់ត្រូវបានដោះលែង ព្រោះមានប្រវត្តិធ្លាប់ប្រព្រឹត្តល្មើសកន្លងមក។
៣-ករណីពលករ៣៤នាក់ ត្រូវប៉ូលិសចាប់ឃុំខ្លួននៅខេត្តឈុនបុរី កាលពីថ្ងៃទី ៧ កក្កដា ២០១៦ កម្លាំងសមត្ថកិច្ចចំរុះថៃបានចាប់ខ្លួនពលករខ្មែរ៣៤នាក់ (ស្រី២០ នាក់ និងប្រុស១៤នាក់) ពីបទធ្វើការគ្មានការអនុញ្ញាត។ ពលករទាំងនេះ កាន់លិខិតឆ្លងដែនចូលទៅប្រទេសថៃក្នុងនាមជាទេសចរ ដោយមានក្រុមហ៊ុនទទួលឲ្យធ្វើការ ហើយកាត់ប្រាក់ខែយកទៅបំពេញបែបបទជាពលករស្របច្បាប់តាមប្រព័ន្ធMOU ជាក្រោយ។ ប៉ុន្តែអស់ពេលជិតមួយឆ្នាំរហូតដល់ថៃ្ងប៉ូលិសចាប់ខ្លួន នៅតែមិនទាន់បំពេញបែបបទបាន។
មន្រ្តីស្ថានទូត បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុននិងប៉ូលិសទទួលខុសត្រូវក្តីខាងលើ ដើម្បី ជំរុញការបើកសវនាការកាត់ទោសឲ្យបានរួសរាន់ និងដោះស្រាយឲ្យពលករទាំងអស់ឆាប់បានវិលត្រឡប់ មកកម្ពុជាវិញ។ តុលាការខេត្តឈុនបុរី គ្រោងបើកសវនាការក្តីខាងលើ នៅថ្ងៃទី ២៦ សីហា ២០១៦។
៤-ករណីពលករ១៩ នាក់ ត្រូវប៉ូលិសចាប់ឃុំខ្លួននៅខេត្ត Narathiwat ថ្ងៃទី ៧ មិថុនា ២០១៦ សមត្ថកិច្ចចម្រុះដឹកនាំដោយកងទ័ពជើងទឹកថៃ បានចាប់នាវាលក់ប្រេងចំនួន៣គ្រឿង ក្នុងនោះមានពលករខ្មែរសរុបចំនួន១៩នាក់ ដែលចូលទៅធ្វើការខុសច្បាប់តាមរយៈមេខ្យល់ដោយពុំមានឯកសារអ្វីទាំងអស់។ ពលករទាំងអស់កំពុងត្រូវឃុំឃាំងនៅពន្ធនាគារខេត្តណារ៉ាធីវ៉ាត់ រង់ចាំការកាត់ទោសពីបទចូលប្រទេសថៃខុសច្បាប់ និងធ្វើការងារដោយគ្មានការអនុញ្ញាត។ ដោយឡែក ក្នុងចំណោមពលករ១៩នាក់នេះ មានម្នាក់ឈ្មោះ ប៊ុន ឡា អាយុ៣៦ឆ្នាំ មកពីខេត្តព្រៃវែង ត្រូវជាប់ចោទពីបទល្មើសគ្រឿងញៀន ដោយសារខណៈប៉ូលិសសាកសួរចម្លើយជាបឋម ពលកររូបនេះបានទទួលអះអាងថាថ្នាំញៀនអមហ្វេតាមីន ចំនួន៣០០គ្រាប់ ដែលសមត្ថកិច្ចរកឃើញក្នុងពេលឆែកឆេរលើទូក គឺជារបស់ខ្លួន។ ប៉ុន្តែតាមការបញ្ជាក់របស់សាច់ញាតិពលករប៊ុន ឡា គាត់បានឆ្លើយបែបនេះតាមការណែនាំរបស់ថៅកែទូក ដែលសន្យាថាបើឆ្លើយតាមគេ គេនឹងជួយឲ្យចេញពីពន្ធនាគារបានឆាប់។
តាមសំណើរបស់ស្ថានទូត ប៉ូលិសទទួលខុសត្រូវក្តីខាងលើបានឯកភាពថានឹងចាត់ការសួរចម្លើយពលករទាំងអស់ជាថី្មឡើងវិញ ហើយនិងជម្រុញការកាត់ទោសឲ្យបានឆាប់។ ស្ថានទូតនឹងបញ្ជូនមន្រ្តីឲ្យធ្វើដំណើរទៅខេត្តណារ៉ាធីវ៉ាត់ជាមួយមេធាវី ក្នុងពេលឆាប់ៗនេះ ដើម្បីសួរសុខទុក្ខពលករ និងជំរុញការដោះស្រាយករណីនេះ៕
មតិយោបល់