ភ្នំពេញៈ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី មានករណីជនសង្ស័យម្នាក់ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រើដំបងឈើជ្រុងវ៉ៃ ទៅលើស្រ្តីម្នាក់ចំកញ្ចឹងក បណ្តាលឲ្យរងរបួស នៅត្រង់ចំណុច ខាងមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ រ៉ន សុខគង់ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ យី ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ គ្មាន ។
ហេតុការណ៍៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះឈ្មោះ រ៉ន សុខគង់ ភេទស្រី អាយុ១៩ឆ្នាំ កំពុងតែបំបៅដោះកូននៅក្នុងផ្ទះ ស្ថិតនៅភូមិ-សង្កាត់កើតហេតុ បានឮសំឡេងឈ្លោះប្រកែកគ្នា នៅខាងមុខផ្ទះ រួចជនរងគ្រោះក៏បានដើរចេញទៅមើលខាងមុខផ្ទះ ឃើញជនសង្ស័យឈ្មោះ យី ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ដែលជាអ្នកភូមិជាមួយគ្នា បានស្រែកជេរប្រមាថទៅលើឈ្មោះ ម៉េត នី ភេទស្រី អាយុ៤៣ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ) ។
បន្ទាប់មកជនសង្ស័យបានយកដំបងឈើជ្រុង ទំហំ០៣ធ្នាប់ដៃ ប្រវែង៥០សង់ទីម៉ែត្រ បម្រុងវ៉ៃទៅលើឈ្មោះ ថូ រ៉ន ភេទប្រុស អាយុ៤៥ឆ្នាំ (ឪពុករបស់ជនរងគ្រោះ) ដែលកំពុងអង្គុយលើគ្រែខាងមុខផ្ទះថែមទៀត ។ ពេលឃើញដូចនេះជនរងគ្រោះ ក៏បានស្ទុះទៅជួយ ក៏ត្រូវជនសង្ស័យ យកដំបងឈើជ្រុងខាងលើ វ៉ៃជនរងគ្រោះត្រូវចំកញ្ចឹងកខាងក្រោយ ដួលទៅលើផ្លូវបេតុង រងរបួសស្រាល រួចជនសង្ស័យក៏បានដើរគេចខ្លួនចូលទៅក្នុងផ្ទះរបស់គេ (ជនសង្ស័យ) ហើយជនរងគ្រោះក៏បានមករាយការណ៍ ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស តាមនីតិវីធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព ប្រើដំបងឈើវ៉ៃទៅលើជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕
មតិយោបល់