ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីព្រួតគ្នាវាយ ដោយចោទប្រកាន់ថា ចោរលួចទ្រព្យសម្បត្តិ

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥ និង២០នាទី បន្ទាប់ពីទទួលព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី១ ថាមានប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យម្នាក់ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅចំណុចផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានចុះមកដល់ចំណុចកើតហេតុ ក៏បាននាំខ្លួនអ្នកទាំងពីរ មកកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ យ៉ាន ស៊ីក្រិច ភេទ ស្រី ថាជនសង្ស័យឈ្មោះ មិញ ស៊ូ ភេទ ប្រុស អាយុ២១ឆ្នាំ មិនទាន់បានលួចទ្រព្យសម្បត្តិនៅផ្ទះរបស់គាត់ ដោយគ្រាន់ដើរចូលក្នុងផ្ទះដោយគ្មានការអនុញ្ញាត ទើបប្រជាពលរដ្ឋផ្អើលឆោឡោយល់ច្រឡំថាជាចោរ។ ក្រោយពីសមត្ថកិច្ច បានស្រាវជ្រាវ មិនរកឃើញមានតម្រុយថាជនសង្ស័យឈ្មោះ មិញ ស៊ូ ប្រព្រឹត្តបទល្មើសលួចទ្រព្យសម្បត្តិ ក៏បានស្នើសុំគោលការណ៍ និងឲ្យក្រុមគ្រួសារមកធានាទៅលំនៅដ្ឋានវិញ។

លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីឃើញការចែករំលែករូបភាពវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ពីសកម្មភាពប្រជាពលរដ្ឋជាច្រើននាក់ ក្នុងនោះស្គាល់ម្នាក់ឈ្មោះ ជា សុផាត ហៅ វីត ភេទប្រុស អាយុ៣៤ឆ្នាំ ជាមេការផ្ទះជួល បានព្រួតគ្នាវាយទាត់ធាក់ទៅលើឈ្មោះ មិញ ស៊ូ ដែលត្រូវចោទប្រកាន់ថាប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ បណ្តាលឲ្យរបួសបែកបបូរមាត់។

រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៤:០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានស្រាវជ្រាវ និងឃាត់ខ្លួនឈ្មោះ ជា សុផាត ហៅ វីត នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ យកមកសាកសួរចាត់ការតាមនីតិវិធី ចំណែកប្រជាពលរដ្ឋជាច្រើននាក់ទៀត មិនស្គាល់អត្តសញ្ញាណ និងបានគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់