ព័ត៌មានជាតិ

រថយន្តកូរ៉េដឹកទឹកកកបុកគ្នាជាមួយឡានធំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តប្រភេទធន់ធំម៉ាកហ៊ីនយ៉ាន់ដាយបើកឆ្លងស្តុបបំបែកជាបួនទៅត្រង់ មិនបានប្រយ័ត្នក៏ត្រូវបានរថយន្តកូរ៉េបើកលឿនមកបុកចំពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉េខ្ទេចអស់ស្ទើរទាំងស្រុងមួយកំណាត់ខាងមុខ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៧១កែងផ្លូវសហព័ន្ធរុស្ស៊ី នៅចំណុចក្រោមស្ពានអាកាស៧មករា ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់ជាកម្មករបើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌ស អត់មានស្លាកលេខ បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណ:ពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ
ដោយសារតែរថយន្តកូរ៉េបើកលឿនមួយណាមិនបានប្រុងប្រយ័ត្ន ខណ:ពេលដែលបើក
មកដល់ស្តុបបែកជាបួនទៅត្រង់ ប៉ុន្តែមិនបានបន្ថយល្បឿន ក៏ជ្រុលបុកយ៉ាងពេញទំហឹងជាមួយនឹងរថយន្តប្រភេទធន់ធំពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-1539 បើកបរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីត្បូងទៅជើង ប៉ុន្តែដោយគេបានឃើញថា រថយន្តប្រភេទធន់ធំនេះគឺបើកឆ្លងកាត់បានក្បាលរថយន្តជិះផុតទៅហើយ ស្រាប់តែរថយន្តកូរ៉េមកបុកយ៉ាងពេញតំហឹងតែម្តង បណ្តាលឲ្យខ្ទេចខូចខាតរថយន្តកូរ៉េអស់មួយកំណាត់ខាងមុខ រីឯរថយន្តធន់ធំវិញក្រពិតអស់មួយជំហៀងខាងស្តាំសំណាងល្អហើយ ដែលអ្នកបើកបរទាំង២នាក់មិនមានរងរបួសនឹងបង្កគ្រោះថ្នាក់ទៅឲ្យអ្នកដទៃគ្រាន់តែខូចខាតសម្ភារ:រៀងៗខ្លួនតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុខាងលើនេះរថយន្តភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយជាបន្តទៅទៀត៕

មតិយោបល់