ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុកម៉ូតូមួយគ្រឿងទៀង ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចមុខ អគ្គបញ្ជាការដ្ឋានកងទ័ព្ធជើងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ហៀង ចន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិព្រៃឥដ្ឋ ឃុំពោធិអង្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ចំណែកអ្នករងរបួសឈ្មោះ សោម សីហា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HY 3247 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកម៉ូតូម៉ាក let’s ពណ៌ស ពាក់ផ្លាកលេខតាកែវ 1T 2374 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នា ហើយបានបុកគ្នាពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ Let’s ស្លាប់នៅកន្លែងកើតហេតុ ចំណែកភាគីម្ខាងទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕








មតិយោបល់