ភ្នំពេញៈ ជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិតនិងដាវ បានដេញកាប់ប្រហាយុវជនម្នាក់ និងនារីម្នាក់ទៀត បណ្តាលឲ្យរងរបួស រួចប្លន់យកម៉ូតូស៊េរីឆ្នាំ២០២០ ឡើងតែម២០២១ បានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ច ។
ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និងនិង១០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅខាងត្បូងខ្លោងទ្វារវត្តព្រៃស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ យិន យ៉េន ភេទប្រុស អាយុ២៦ឆ្នាំ ។
ម៉ូតូដែលជនសង្ស័យកាប់ប្លន់យកនោះ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២០ តែឡើងតែមឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IN 8749 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូចេញពីផ្ទះពូនៅម្តុំអូឌឹម ជាមួយមិត្តភក្តិ ដោយជិះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ដោយសារជិះច្រឡំផ្លូវ ដោយការដ្ឋានកំពុងសាងសង់ផ្លូវ ចាក់ខ្សាច់បិតផ្លូវម្ខាង ភ្លាមនោះរូបគាត់ក៏បត់ម៉ូតូទៅក្រោយវិញ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាជិត១០នាក់ ម៉ូតូ៤ទៅ៥គ្រឿង ប្រដាប់ដោយកាំបិតមកកាប់ប្រហា បណ្តាលឲ្យរងរបួសធ្ងន់ ធ្វើឲ្យគាត់ភ័យរត់ចេញពីម៉ូតូ ។ បន្ទាប់មកជនសង្ស័យក៏ម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ ។
ក្រោយកើតហេតុអស់រយៈពេលជាយូរ ទើបឃើញវត្តមានសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ចំណុចកើតហេតុ ពិនិត្យជាក់ស្តែងរួច បានឲ្យជនរងគ្រោះទៅផ្ទះសម្រាកចាំព្រឹកស្អែក ចាំមកទទួលពាក្យបណ្តឹង ។
សូមបញ្ជាក់ផងដែរថា មួយរយៈនេះ ក្នុងមូលដ្ឋានខណ្ឌកំបូល តែងតែមានបទល្មើសកើតឡើងជាញឹកញាប់ ធ្វើឲ្យប្រជាពលរដ្ឋលែងហ៊ានចេញពីផ្ទះ សង្ឃឹមថាលោកហង្ស មុនី អធិការនគរបាលខណ្ឌកំបូល និងមានវិធានការ ចំពោះក្រុមជនសង្ស័យទាំងនេះ ៕




មតិយោបល់