ស្វាយរៀងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការស្រាវជ្រាវឃាត់បាននៅខេត្តស្វាយរៀង បន្ទាប់ធ្វើសកម្មភាពប៉ុនប៉ងអំពើឃាតកម្មនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី កុយ សុភាព បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋានគរបាលស្រុកកំពង់រោទិ៍ សហការជាមួយសមត្ថកិច្ចនគរបាលខេត្តកណ្តាល ដឹកនាំដោយលោក ឧត្តមសេនីយ៏ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឆាយ សាលាភ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលតាមអនឡាញ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានប្រព្រឹត្តអំពើប៉ុនប៉ងឃាតកម្មកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យបានគេចមកលាក់ខ្លួននៅផ្ទះរបស់ឈ្មោះ ម៉ា ឈិត ហៅយុ ភេទប្រុស នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ម៉ូតូមួយគ្រឿងម៉ាកស៊ីរូស ពណ៌ខ្មៅតែមក្រហម ពាក់ផ្លាកលេខវៀតណាម 84-G1 019.40 និងទូរស័ព្ទមួយគ្រឿងម៉ាកហាវ៉េពណ៌ខ្មៅ ។
បច្ចុប្បន្ន ជនជនសង្ស័យបានបញ្ជូនមកដល់ការិយាល័យជំនាញខេត្ត ដើម្បីបំពេញនីតិវិធីប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តកណ្តាល ចាត់ការតាមច្បាប់ ៕
មតិយោបល់