ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្ដស្ទូច របស់ក្រុមហ៊ុនសាងសង់ផ្លូវ បុកម៉ូតូ១គ្រឿង បណ្តាលឲ្យស្រ្តី២នាក់កូន ស្លាប់និងរងរបួសធ្ងន់

ព្រះសីហនុៈ នៅវេលាម៉ោង៨ និង០០ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ និងក្មេងស្រីម្នាក់ទៀតបានស្លាប់ (ម្តាយនិងកូន) លើផ្លូវល្បឿនលឿនកំពុងសាងសង់ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក FOTON ពណ៌ស ពាក់ផ្លាកលេខ AT ១៩ ៣-១៣៥០ បើកបរដោយឈ្មោះ ចាង សៀខាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្ដស្ទូច របស់ក្រុមហ៊ុនសាងសង់ផ្លូវ នៅចំណុចគីឡូម៉ែត១៨០ ចំណែកម៉ូតូម៉ាក ហុងដា ឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ ១I-៤៩០២ បើកបរដោយឈ្មោះ គួន ស្រីលីស ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅចំណុចកើតហេតុ (រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ ចន ស្រីឡែន ភេទស្រី អាយុ៦ឆ្នាំ ត្រូវជាកូនបង្កើត បានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយរថយន្ដនិងម៉ូតូត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋានស្រុកស្ទឹងហាវ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ សាកសពក្មេងរងគ្រោះ បានប្រគល់ឲ្យសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់