ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ១៣ឆ្នាំ ម្នាក់រងរបួសធ្ងន់ ខណៈមនុស្សមួយក្រុមដេញវាយដោយចោទថា ចោរ

ភ្នំពេញៈ ក្មេងប្រុសម្នាក់បានរងរបួសបែកក្បាលធ្ងន់ធ្ងរ ដួលដេកលើដីដោយសារតែមនុស្ស ១ក្រុមដេញតាមចាប់វាយដោយចោទប្រកាន់ថា ចោរ បន្ទាប់មកក្រុមអ្នកវាយទាំងនោះ ក៏បានគេចខ្លួនបាត់អស់អត់មាននរណាម្នាក់ហ៊ានចេញមុខដាក់ពាក្យប្ដឹងថា ខ្លួនបាត់បងទ្រព្យសម្បត្តិអ្វីឡើយ។ បន្ទាប់មកប្រជាការពារសង្កាត់ចោមចៅទី១ បាននាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី២ សាកសួរព្រោះសង្ស័យថា ក្មេងប្រុសរូបនេះលួចទ្រព្យសម្បត្តិគេនៅក្នុងភូមិសាស្រ្តសង្កាត់មួយនេះ។

ហេតុការណ៍អំពើហិង្សានេះបានកើតឡើង កាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងប្រុសរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា មានអាយុ ១៣ឆ្នាំ មិនដឹងឪពុកម្ដាយនិងសាច់ញាតិនៅទីណាឡើយ។ មានមុខរបរដើររើសអេតចាយ ហើយគ្មានទីលំនៅពិតប្រាកដនោះទេ យប់កន្លែងណាដេកកន្លែងនោះតែម្ដង នេះបើតាមការប្រាប់ឲ្យដឹងពីនគរបាលប៉ុស្តិ៍ចោមចៅទី២។

ប្រភពដដែលបានប្រាប់បន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុខណៈដែលក្មេងប្រុសខាងលើកំពុងជិះម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ស្រាប់តែមានមនុស្សក្រុមជិះម៉ូតូជាច្រើនគ្រឿងដេញតាមចាប់។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ទើបចាប់បានរួចក៏នាំគ្នាវាយទាត់ធាក់ទៅលើក្មេងប្រុសរូបនេះបណ្ដាលឲ្យរងរបួសបែកក្បាលដួលដេកទៅលើដី។ ហើយបានចោទប្រកាន់ថា ក្មេងប្រុសនោះបានលួចទ្រព្យសម្បត្តិអ្នកដទៃនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពខាងលើបានបន្តថា ទោះជាបែបណាក្រោយពេលកើតហេតុពុំមានឃើញសម្ភារៈអ្វីនៅជាប់ខ្លួនក្មេងប្រុសនោះឡើយ ចំណែកឯមនុស្ស១ក្រុមនោះក្រោយព្រួតវាយទៅលើក្មេងប្រុសនេះរួចក៏បាននាំគ្នាគេចខ្លួនបាត់អស់ ហើយក៏ពុំមាននរណាម្នាក់ហ៊ានចេញមុខដាក់ពាក្យប្ដឹងដែរ។ បន្ទាប់មកកម្លាំងប្រជាការពារសង្កាត់ចោមចៅទី១ បានចុះទៅនាំយកក្មេងប្រុសខាងលើទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី២ ដើម្បីសួរនាំ ។ ប៉ុន្តែពេលទៅដល់នគរបាលមិនអាចសួរនាំបានទេ ព្រោះរបួសធ្ងន់ពេលក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីសង្រ្គោះ៕

មតិយោបល់