ព័ត៌មានជាតិ

ឃាត់ខ្លួន​បុរស​ម្នាក់​ ករណីយក​ដាវ​កែ​ច្នៃ​គំរាម​កាប់​យក​ខ្សែ​ក នៅចំណុចផ្ទះសំណាក់ យីហោ បេ៩ ​

​ភ្នំពេញ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​សហការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ​(​យក​ដាវ​កែ​ច្នៃ​គំរាម​កាប់​យក​ខ្សែ​ក​)​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០១​ និង​៣០​នាទី​ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​ បេ​៩​ ផ្ទះ​លេខ​បេ​៩​ ផ្លូវ​លេខ​៨៦​ ភូមិ​៧​ សង្កាត់​ស្រះ​ចក​ ។​

​ក្រោយ​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចតុមុខ​ កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​១៥​ និង​៣០​នាទី​ ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២០​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ជួន​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ នៅ​ចំណុច​ផ្ទះ​ជួល​ ផ្លូវ​លេខ​៨៦​ ភូមិ​២២​ សង្កាត់​ស្រះ​ចក​ រួម​នឹង​វត្ថុ​តាង​ដកហូត​មាន​ ៖​ដាវ​កែ​ច្នៃ​ចំនួន​ ០១​ដើម​,​ ផ្លាក​លេខ​រថយន្ត​ចំនួន​ ០១​សន្លឹក​,​ ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ​ចំនួន​០១​កំ​ប្លេ​រ​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​ខណ្ឌដូនពេញ ​បាន​កសាង​សំណុំរឿង​បញ្ជូន ​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់