បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុស-ស្រីចំនួន០២នាក់ អាយុ ៥ឆ្នាំ និងម្នាក់ទៀតអាយុ ៦ឆ្នាំ បានលង់ទឹកអូរធំស្លាប់ បន្ទាប់ពីសុំម្តាយទៅមុជទឹកលេង ។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្លងជិក(អូរធំ) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ ក្មេងរងគ្រោះទាំង០២នាក់ ម្នាក់ឈ្មោះ ម៉ៅ ដាវ ភេទប្រុស អាយុ០៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ វ៉ង់ វិដា ភេទស្រី អាយុ០៦ឆ្នាំ ។ ក្មេងទាំង០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា រស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា៖បើតាមការរៀបរាប់របស់ស្ត្រីឈ្មោះ ជុំ ស្រីថា អាយុ ៣៦ឆ្នាំ ត្រូវជា ម្តាយក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ កូនរបស់គាត់ឈ្មោះ វ៉ង់ វិដា បានអោបថើបសុំម្តាយទៅចុះងូតទឹក០២នាក់បងប្អូន ដោយក្តីអាណិតកូនដែលពីមុនៗមកមិនមានសកម្មភាពអោបថើបម្តាយដោយក្តីលួងលោមដូច្នេះ ខ្លួនក៏យល់ព្រមឲ្យងូតចុះងូតទឹកលេង ។ មួយសន្ទុះក្រោយមក ឃើញក្មេងរងគ្រោះទាំង០២នាក់ បានឡើងមកវិញហើយ រួចចូលងូតទឹកអាងនៅក្នុងផ្ទះ ។ ដោយនឹកឃើញថា ក្មេងទាំង០២នាក់បងប្អូនលឺមាត់នៅអាងទឹកក្នុងផ្ទះគាត់មិនបានចាប់អារម្មណ៍ បន្តកាប់ឆ្ការស្មៅដុះនៅក្បែរផ្ទះ ។ លុះមួយស្របក់ក្រោយមក ស្រាប់តែបាត់មាត់ គាត់ដើរទៅរកនៅនឹងអាងមិនឃើញ ហើយបានឲ្យជីដូនដើរទៅរកមើលនៅកន្លែងលក់នំក៏មិនឃើញទៀត ពេលនោះឃើញខោអាវនៅមាត់អូរ គាត់បានចុះរាវមើល ស្រាប់តែប្រទះឃើញកូនស្រីរបស់គាត់ឈ្មោះ វ៉ង់ វិដា បន្ទាប់មករាវរកឃើញក្មួយប្រុសម្នាក់ទៀត ។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា៖ ក្រោយពីរាវរកឃើញក្មេងទាំង០២នាក់ហើយ ឪពុកម្តាយបាននាំកូនទៅមណ្ឌលសុខភាពសង្កាត់ គ្រូពេទ្យបាននិយាយថាក្មេងទាំង០២នាក់បានស្លាប់ហើយ ។ ដោយមិនអស់ចិត្តឪពុកម្តាយបានបន្តយកក្មេងទាំង០២នាក់ទមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែតទៀត គ្រូពេទ្យបានប្រាប់ថា ក្មេងទាំង០២នាក់បានបាត់បង់ជីវិត ហើយទើបអស់ចិត្តយកកូនមករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់