ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ គំរាមថាសម្លាប់ និងប្រើហិង្សាដោយចេតនា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគំរាមថាសម្លាប់ និងប្រើហិង្សាដោយចេតនា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ២ នាក់ ទី១.ឈ្មោះ ព្រឿង សន្ទណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសំណង់ មានទីលំនៅភូមិវត្តលៀប ឃុំចម្ការសំរោង ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ។ ទី២.ឈ្មោះ ឆាយ ឆាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសភ្នែកខាងស្តាំ១កន្លែង) ។

ជនសង្ស័យ២ នាក់ ទី១.ឈ្មោះ ហេង ហាន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់
ដំបង (ឃាត់ខ្លួន) និងទី២.ឈ្មោះ ហ៊ីម សុខជា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។

មុនពេលកើតហេតុ រយ:ពេលជាងបីខែមកហើយជនរងគ្រោះនិងជនសង័្សយបានមកស្នាក់នៅធ្វើសំណង់ នៅភូមិសន្លុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រហូតដល់សព្វថ្ងៃនេះ ។ លុះដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច ពេលឈ្មោះ ព្រឿង សន្ទណា កំពុងនៅក្នុងការដ្ឋានសំណង់ឈ្មោះ ហេង ហាន និងឈ្មោះ ហ៊ីម សុជា បានដើរចូលមកកន្លែងឈ្មោះ ព្រឿង សន្ទណា ពេលមកដល់ឈ្មោះ ហេង ហាន បានសុំបើកប្រាក់ឈ្នួលតែឈ្មោះ ព្រឿង សន្ទណា និយាយថា ចាំខ្ញុំបាត់ហត់សិន តែឈ្មោះ ហេង ហាន ស្រែកឆោឡោ ឯឈ្មោះ ហ៊ីម សុជា បានស្រែកគំរាមថា អាណាមិនពាក់ព័ន្ធចេញទៅផ្ទះបើមិនទៅផ្ទះទៅឲ្យឆ្ងាយ បន្តិចទៀតមានរឿងហើយ ឃើញសភាពដូចនោះឈ្មោះ ព្រឿង សន្ទណា បានឡើងជិះរថយន្តគេចមកនៅមុខក្រុមហ៊ុន7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ពេលឈ្មោះ ព្រឿង សន្ទណា បើករថយន្តចេញផុត ស្រាប់តែឈ្មោះ ហ៊ីម សុជា បានមានទំនាស់ពាក្យសម្តីជាមួយឈ្មោះ ឆាយ ឆាន ហើយឈ្មោះ ហ៊ីម សុជា បានវាយឈ្មោះ ឆាយ ឆាន ត្រូវចំភ្នែកខាងស្តាំ ០២ដៃ ខ្នង ០១ដៃ ឆ្អឹងជំនីខាងស្តាំ ០១ដៃ បណ្តាលឲ្យមានរបួសស្នាម ទើបមានគេឃាត់បែកចេញពីគ្នា។ ដល់វេលាម៉ោង ៦និង៣០នាទីល្ងាច ឈ្មោះ ព្រឿង សន្ទណា បានទូរស័ព្ទប្រាប់ឈ្មោះ អូន ដែលជាអ្នកលក់គ្រឿងសំណង់នៅភូមិសន្លុង ដើម្បីជួយរាយការណ៍ប្រាប់សមត្ថកិច្ច។ ដល់វេលាម៉ោង៩និង១០នាទី យប់ថ្ងៃដដែល ឈ្មោះ ហេង ហាន បានទូរស័ព្ទតាមលេខ ០៩៨.៣០៨៨៨៤ មកចូលទូរស័ព្ទរបស់ឈ្មោះ ព្រឿង សន្ទណា ហើយនិយាយថា អញឈ្មោះ ហេង ហាន អ្ហែងចូលមកកន្លែងវិញថ្មើរណា? ឈ្មោះ ព្រឿង សន្ទណា សួរវិញថា បើអញចូលឬមិនចូលមានរឿងអី? ឈ្មោះ ហេង ហាន ឆ្លើយថា អញចង់ដឹង ពេលនោះឈ្មោះ ព្រឿង សន្ទណា បានបិទទូរស័ព្ទហើយបើករថយន្តទៅដេកនៅភ្នំពេញមិនហ៊ានចូលការដ្ឋានវិញទេ។
ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨ ព្រឹក ឈ្មោះ ព្រឿង សន្ទណា បានត្រឡប់ចូលមកការដ្ឋានវិញ ស្រាប់តែឈ្មោះ ហ៊ីម សុជា និងឈ្មោះ ហេង ហាន បានស្រែកដៀមដាមដាក់ឈ្មោះ ព្រឿង សន្ទណា ឃើញសភាពដូចនោះឈ្មោះ ព្រឿង សន្ទណា បានបើករថយន្តគេចត្រឡប់ទៅភ្នំពេញវិញ ដោយមិនបានរាយការណ៍ឬដាក់ពាក្យបណ្តឹងអ្វីទេ ឯឈ្មោះ ឆាយ ឆាន បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសន្លុង ហើយបានសម្របសម្រួលគ្នាជាមួយឈ្មោះ ហ៊ីម សុជា បញ្ចប់រឿងហេតុ។

ករណីនេះ សមត្ថកិច្ច បន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់