ក្រោយពីមានការចេញព័ត៌មាននៃការឆាបឆេះរថយន្តរបស់លោក ឆឹម ឫទ្ធី ជាចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ រួចមក គេសង្កេតឃើញប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមខ្លះអាណិតលោក ខ្លះទៀតក៏ ប្រមាថមកលើលោក។ ទើបនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក ឆឹម ឫទ្ធី ជាចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការបកស្រាយតាមបណ្តាញសង្គមដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«ក្នុងនាមខ្ញុំបាទជាម្ចាស់រថយន្តធុនដ្រា (Thundra) ២០១១ ដែលបានឆាបឆេះកាលពីថ្ងៃទី១០ ខែកក្កដា២០១៧ វេលាម៉ោង៨និង១៥នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ជិតដល់ផ្សារបែកចាន និងសូមផ្ដល់ព័ត៌មានជាក់លាក់ ដល់បងប្អូននៅក្នុងសង្គមFace book ទាំងបងប្អូនដែលស្រឡាញ់អាណិតខ្ញុំនិងបងប្អូនដែលស្អប់និងប្រមាថខ្ញុំទាំងអស់ឲ្យបានជ្រាបជាព័ត៌មានដូចខាងក្រោម៖
១.រថយន្តខ្ញុំនោះគឺប្រើសាំងមិនបានប្រើប្រព័ន្ធហ្គាសនោះទេ ដោយសារបារម្ភពីសុវត្ថិភាពនេះឯង ប៉ុន្តែនៅតែឆេះដដែល។
២.ក្នុងកំឡុងពេលដែលរថយន្តកំពុងរត់នៅលើដងផ្លូវក្នុងល្បឿន៧០ ទៅ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងពេលនោះខ្ញុំបានមើលតាមកញ្ចក់ក្រោយឃើញភ្លើងឆេះចេញពីធុងសាំង កម្ពស់អណ្តាតភ្លើងជាង១ម៉ែត្រទៅហើយ ពេលបានដឹងភ្លាមខ្ញុំក៏ឈប់ឡានជាបន្ទាន់ ហើយក៏បានគិតពីសុវត្ថិភាពរបស់បងប្អូននៅតាមដងផ្លូវព្រមទាំងខ្លាចឆេះផ្ទះអ្នកស្រុកនិងធនាគារនៅទល់មុខនេះ ខំប្រឹងតាំងចិត្តចតបន្ទាន់នៅកណ្តាលទ្រូងផ្លូវដើម្បីជៀសវាងការខូចខាតច្រើនដល់អ្នកស្រុក សុខចិត្តគិតថាយ៉ាងម៉េចជាឆេះតែម្នាក់ឯងចុះ។
៣.បញ្ហាបង្កការឆាបឆេះនេះ គឺអាចបណ្តាលមកពីជាងជួសជុលរថយន្ត បានប្តូរបូមសាំងឲ្យខ្ញុំមានការខ្ជីខ្ជារមិនយកចិត្តទុកដាក់ វាយសំពងខ្លាំងៗគ្រាន់តែដូរបូមសាំងសោះ អាចធ្លាយនៅចំណុចណាមួយឬរិតប្រេភ្ជាប់មិនបានល្អដូចដើម អាចសាចប្រេងចូលបំពង់ស៊ីម៉ាំងកំពុងក្តៅទើបបណ្តាលឲ្យឆាបឆេះតែម្តងទៅ សូមបញ្ជាក់ថា រយៈពេលប្តូរអស់ពីរសាប្តាហ៍មកហើយ។
៤.ចំពោះមិត្តភក្តិដែលបានផ្តល់ជាគំនិតឲ្យទៅប្តឹងជាងដើម្បីទាមទារសំណងនិងការទទួលខុសត្រូវនោះ ខ្ញុំយល់ឃើញថាស្ថានភាពជីវភាពគ្រួសារជាងមានការខ្វះខាតមានការ៉ាស់តូច ខ្ញុំសម្រេចចិត្តអហោសកម្មមិនប្តឹងផ្តល់ទេ ចាត់ទុកជាគ្រោះចង្រៃរបស់ខ្ញុំទៅចុះ តែសូមផ្តាំទៅជាងថាធ្វើការឲ្យមានការយកចិត្តទុកដាក់ផងកុំខ្ជីខ្ជារនិងការងារត្រូវចាត់ទុករថយន្តរបស់ភ្ញៀវដូចជារថយន្តរបស់ខ្លួន ប្រហែលជាថ្ងៃក្រោយគ្មាននរណាម្នាក់អត់ឱនឲ្យអ្នកទៀតទេ។
៥.ចំពោះព័ត៌មានមួយចំនួនដែលបានចុះផ្សាយថាមានមនុស្សស្រីជិះជាមួយនោះគឺជាអ្នកធ្វើការក្នុងផ្ទះដែលត្រូវត្រឡប់ទៅស្រុកកំណើតវិញនៅឯកំពង់ស្ពឺស្របពេលខ្ញុំត្រូវធ្វើការក៏ជូនទៅតែម្តង ពេលនេះគេបានទៅជួបឪពុកម្តាយគេហើយ។
ចំពោះការប្រមាថតួនាទីរបស់ខ្ញុំពីសំណាក់បងប្អូនវិញ គឺខ្ញុំសូមអរគុណដល់ដែលបានចំណាយពេលមានតម្លៃដែលបានស្វែងយល់ពីតួនាទីខ្ញុំច្បាស់ ហើយប្រមាថដើម្បីបន្ថយគំនុំផ្ទាល់ខ្លួនរបស់បងប្អូនចំពោះរូបខ្ញុំដែលមិនដឹងអីសោះ ខ្ញុំស្រឡាញ់ណាស់យុត្តិធម៌លុយប៉ុន្មានក៏មិនអាចទិញសតិសប្បជ្ជញ្ញៈនិង វិចារណៈញានរបស់ខ្ញុំបានឡើយ ទោះជាខំបកស្រាយយ៉ាងណាក៏បងប្អូនគ្មានថ្ងៃជឿដែរសំខាន់គឺជួបផ្ទាល់ មនុស្សក្នុងលោកមិនថាជាតិសាសន៍ណាទេ តែងតែមានល្អ និងអាក្រក់ សូមធ្វើការបែងចែកខ្លះផង កុំប្រមាថយ៉ាងដូច្នោះវាពិតជាមានបាបណាស់សម្រាប់យើងជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា វាសនារបស់មនុស្សមិនដូចគ្នាទេ ឧប្បត្តិហេតុកើតឡើងម្តងគេម្តងយើងនិងជួបគ្រោះថ្នាក់ គ្រាន់តែគ្រោះនោះតូចឬធំដល់អាយុជីវិតឬមិនដល់អាយុជីវិតតែប៉ុណ្ណោះ។
នេះហើយជារឿងពិតដែលបានកើតឡើងម្សិលមិញនេះសូមបងប្អូនកុំសង្ស័យនិងយល់ច្រឡំតទៅទៀត និងសូមអរគុណបងប្អូនញាតិមិត្តដែលមានក្តីអាណិតអាសូរដល់ខ្ញុំ និងសូមជូនពរបងប្អូនឲ្យជួបតែសេចក្តីសុខ គ្រប់ពេលវេលា»៕
https://youtu.be/RThX-Ovndus
មតិយោបល់