ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់! រថយន្ត Camary រត់តាក់ស៊ីបែកកង់ រេចង្កូតបុក HYUNDAI ដឹកទំនិញ បណ្តាលឲ្យមនុស្ស១១នាក់ ស្លាប់និងរបួសធ្ងន់

បាត់ដំបងៈ នៅវេលាម៉ោង២១និង២០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ កើតឡើង នៅលើផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា នៅត្រង់ចំណុចក្រុមទី០១ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រវាង រថយន្តដឹកទំនិញធុនធំម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-0169 (រថយន្តដឹកទឹកកក) ធ្វើដំណើរទិស ដៅពីត្បូងទៅជើង បានជួបគ្រោះថ្នាក់បុកជាមួយរថយន្តតាក់ស៊ីម៉ាក Camary ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A- 0 377 ធ្វើដំណើរទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង ។

ករណីនេះបណ្តាលឱ្យស្លាប់មនុស្សចំនួន០៨នាក់ នៅកន្លែងកើតហេតុ គឺអ្នកបើករថយន្តធុនធំស្លាប់ម្នាក់ និងខាងរថយន្តតាក់ស៊ី Camary ស្លាប់ចំនួន០៧នាក់ និងមនុស្សចំនួន០៣នាក់ រងរបួសត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្ម គោលដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យដែលក្នុង នោះមានអ្នកបើកបររថយន្តម្នាក់ផងដែរ។

តាមព័ត៌មានពីសមត្ថកិច្ចនគរបាល ដែលទទួលបានប្រភពពីកន្លែងកើតហេតុបញ្ជាក់ថា គ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើងដោយសាររថយន្តតាក់ស៊ីធុនតូច Camary ដែលមានអ្នករួមដំណើរ សរុបរហូតចំនួន០៩នាក់ បានបែកកង់ក្នុងពេលកំពុងបើកបរ បណ្តាលឱ្យរ៉េចង្កូតទៅបុកជាមួយរថយន្តធំនេះតែម្តង ។

សមត្ថកិច្ចនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ឯក ផង សុភាព ជាអធិការនគរបាលស្រុក បានឱ្យដឹងថានៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះក្រុមគ្រួសាររបស់សពដែលដឹងថា ពួកគាត់មានទីលំនៅឯខេត្តពោធិ៍សាត់បានមក ដល់វត្តអូរតាគី និងសុំចាត់ចែងរៀបចំធ្វើបុណ្យ នៅទីនេះតែម្តង ៕

មតិយោបល់