ព័ត៌មានជាតិ

រន្ធត់ណាស់! ជនមិនស្គាល់អត្តសញ្ញាណ បើករថយន្តបុកម៉ូតូបន្តបន្ទាប់ បណ្ដាលឲ្យស្លាប់ម្នាក់ និង​របួសមនុស្ស ៤នាក់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មានមនុស្សចំនួន០៣នាក់ បានរងរបួសធ្ងន់ ក្រោយមកស្លាប់ និង០២នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហាយឡិនឌ័រ បុកជាមួយម៉ូតូ០២គ្រឿងបន្តបន្ទាប់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥៦ A ​ ចំណុចទល់មុខវិទ្យាល័យស្វាយចេក ក្នុងភូមិស្ទឹងរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលជើងគោកខេត្ត បានឲ្យដឹងថា៖ ដំបូងមានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១H-១៦៣៥ បើកបរដោយឈ្មោះ​ ឌី ណាបីនកា ភេទស្រី អាយុ១៧ឆ្នាំ មានអ្នករួមដំណើម្នាក់ឈ្មោះ ដា លីកា ភេទស្រី អាយុ១៦ឆ្នាំ ទាំង០២នាក់ នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីត្បូងទៅជើង។​ ពេលមកដល់ចំណុចកើតហេតុ ទល់មុខវិទ្យាល័យស្វាយចេក ក្នុងភូមិស្ទឹងរលួស ឃុំរលួស ម៉ូតូបានប្តូរគន្លងទិសបត់ឆ្វេង ស្របពេលនោះ មានរថយន្ត០១គ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ ២B-១៩៥៨ បើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ) បានបុកប៉ះ បណ្តាលឲ្យរងរបួសស្រាលទាំង០២នាក់ បន្ទាប់មករថយន្តបានបន្តទៅបុកជាមួយម៉ូតូ០១គ្រឿងទៀត ក្នុងទិសដៅច្រាស់គ្នាពីជើងទៅត្បូង ពាក់ផ្លាកលេខ ប.មានជ័យ ១C-២៨៣១​ បើកបរដោយឈ្មោះ បាន ជុំ ហៅ ជីនហុន ភេទប្រុស អាយុ៦៤ឆ្នាំ អតីតជាយោធា ចូលនិវត្តន៍ រងរបួសបាក់ជើងក្រោយមកបានស្លាប់ និងអ្នករួមដំណើ0២នាក់ម្នាក់ ឈ្មោះ ស្មាន ឆាន់ ភេទស្រី អាយុ៦៣ឆ្នាំ របួសបាក់ជើងស្ដាំ0២កំណាត់ និងម្នាក់ទៀត ឈ្មោះ យុង ឌីភេទស្រី អាយុ0៧ឆ្នាំ របួសបែកក្បាល ។ ជនរងគ្រោះទាំង០៣នាក់នេះ មានទីលំនៅភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

វត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុកស្វាយចេក យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយនៅពេលក្រោយ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះ​នៅមន្ទីរពេទ្យ រីឯសពបានប្រគល់ជូនសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់