ភ្នំពេញ: មានករណីប្រទះឃើញសាកសពបុរសជាអ្នករត់តាក់ស៊ីម្នាក់ ដេកស្លាប់ នៅក្នុងរថយន្តរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិ និងសមត្ថកិច្ច ខណៈប្រពន្ធ និងបងប្អូនខំដើរតាមរក ដែលបាត់ដំណឹងប្តីតាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ មកម៉្លេះ ដោយបន្សល់ទុកប្រពន្ធនិងកូនកំព្រា៣នាក់ ក្នុងបន្ទុក ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកម៉ោង៦ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AI-8932 ចតលើចិញ្ចើមផ្លូវ លេខ៥១ កែង២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិ របស់ជនរងគ្រោះ បានឲ្យដឹងថា សពមានឈ្មោះ នួន រ៉ាន ភេទប្រុសអាយុ៤២ ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី ស្នាក់នៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ប្រភពដដែលបាន បានបន្តឲ្យដឹងទៀតថា កន្លងមកជនរងគ្រោះ ពុំដែលធ្លាប់មានជំងឺប្រចាំកាយនោះទេ ។ ហើយគាត់តែងតែរត់តាក់ស៊ីដឹកភ្ញៀវ នៅក្នុងរាជធានីភ្នំពេញ លុះនៅថ្ងៃសៅរ៍ទី២៦ ធ្នូ ២០២០ ពេលល្ងាចស្រាប់តែបាត់ដំណឹងជនរងគ្រោះ មិនដឹងថាគាត់បាត់ទៅទីណានោះទេ ។ រហូតថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២០ ស្រាប់តែមែនមិត្តភ័ក្កិ ដែលជាអ្នករត់តាក់ស៊ីដូចគ្នា បានធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវប៉ាស្ទ័រ ក៏បានប្រទះឃើញរថយន្តរបស់ជនរងគ្រោះចត ក៏ចុះទៅអើតមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ នៅក្នុងរថយន្ត មានសភាពហើមបាត់ទៅហើយ មិនដឹងស្លាប់តាំងពីពេលណានោះទេក៏បានរាយការណ៍ប្រាប់ទៅក្រុមគ្រួសារសាច់ញាតិ រួមទាំងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងទីតាំងកើតហេតុ។
ចំពោះសពជនរងគ្រោះសមត្ថកិច្ចផ្នែកជំនាញ យកខ្សែមកហ៊ុមព័ទ្ធ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ ក្រោយមកក៏លើកសពយកទៅពិនិត្យលើដងខ្លួន និងធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លាខណ្ឌសែនសុខ៕
មតិយោបល់