ភ្នំពេញៈ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកអភិបាលរងខណ្ឌ ចុះរដ្ឋបាលនិងឆ្មក់ បង្ក្រាបទីតាំងណេតគ្មានយីហោមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៨នាក់ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌ ចាត់ការតាមនីតិវិធី ។
ប្រតិបត្តិការបង្ក្រាបនេះ ដែលបានធ្វើឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅក្រោយវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវលេខ១៣២ ចំណុចផ្ទះគ្មានលេខ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបង្ហើបប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ គឺកម្លាំងទទួលបានព័ត៌មានថា ទីតាំងខាងលើលួចបើកដោយគ្មានច្បាប់ត្រឹមត្រូវ និងទីតាំងខាងលើ បានលួចបង្កប់ល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធឺណេតទៀត ។ ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការដដែលនេះ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក បង្ក្រាបជាក់ស្ដែងឃាត់ខ្លួនបានមនុស្សប្រុសស្រី ញៀនល្បែងកំពុងពពាក់ពពូនគ្មា សម្ងំលេងល្បែងនៅខាងក្នុងបានចំនួន១៨នាក់ ក្នុងនោះមានស្រី៣នាក់ ឆែកឆេររកឃើញនូវម្សៅក្រាមសថ្លាមួយចំនួនតូច សង្ស័យជាសារធាតុញៀន និងដកវត្ថុតាងកុំព្យូទ័រជាច្រើនគ្រឿង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌទួលគោក ចាត់ការបន្តតាមនីតិវិធីតែម្តង។
ក្រោយប្រតិបត្តិការ សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណ ម្ចាស់ទីតាំងខាងលើ នៅឡើយទេ ចំណែកជនសង្ស័យទាំង១៨នាក់ ត្រូវបានក៏សាងសុំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌទួលគោក ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់