ព័ត៌មានជាតិ

កំពូលចោរចំថ្ងៃស៊យ ឆក់ទូរស័ព្ទបានតែម៉ូតូរលត់ រត់មិនរួចត្រូវប្រជាពលរដ្ឋក្របួចឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវជាប់ខ្នោះសមត្ថកិច្ចបន្ទាប់ពីឆក់ទូរស័ព្ទពីកុមារាម្នាក់បានតែរត់មិនរួច កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅខាងក្រោយផ្សារសួនកុមារ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឌួង វិបុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិត្រពាំងត្រកៀក ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។

ទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាកOPPO របស់ឪពុកក្មេង ឈ្មោះ សំ ណាត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរលក់ត្រី នៅផ្សារសួនកុមារ មានទីលំនៅ ភូមិកោះចិន ឃុំព្រែកក្តាម ស្រុកពញាឮ ខេត្តកណ្តាល ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ មានជនសង្ស័យម្នាក់ជិះម៉ូតូ ម៉ាក FZs ពណ៌ស ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DB-5367 ជាមធ្យោបាយបានមកឆក់ទូរស័ព្ទពីកុមារាដែលកំពុងចុចក្បែរឪពុក ពេលដែលឆក់បានស្រាប់តែម៉ូតូរលត់ធាក់មិនឆេះ ទើបជនរងគ្រោះនិងប្រជាពលរដ្ឋនាំគ្នាតាមឃាត់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលកាកាបទី១តែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿងទៅផ្នែកជំនាញខណ្ឌដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់