ភ្នំពេញៈ នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចំណុចតាមបណ្ដោយផ្លូវ២៧១កែងនឹងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យភាគីខាងម៉ូតូបានបាត់បង់ជីវិត នៅកន្លែងកើតហេតុចំនួន១លើក។
ជនរងគ្រោះឈ្មោះ សារី សុភាព ភេទប្រុស អាយុ ២៣ឆ្នាំ ជិះម៉ូតូម៉ាកអ៊ែរប្លែក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Y.7617 មានស្រុកកំណើតឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្នស្នាក់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូខេត្តកំពត។
ជនបង្កឈ្មោះ ចាន់ ថន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរបើកបរ បើករថយន្តប្រភេទដឹកទំនិញពាក់ស្លាកលេខ តាកែវ 3A 0720 មានស្រុកកំណើតស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់ ភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
រឿងហេតុ៖ នៅវេលាម៉ោងកើតខាងលើ គេឃើញរថយន្តបើកតាមបណ្ដោយផ្លូវលេខ២៧១ គោលដៅឡើងស្ពានស្ទឹងមានជ័យ ភ្លាមនោះក៏មានម៉ូតូមួយគ្រឿងជិះតាមផ្លូវលេខ១៩៩ បានបុករថយន្តពេញទំហឹងជាមួយរថយន្ត បណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗនៅកន្លែងតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់អ្នកបើកបរយកទៅប៉ុស្តិ៍ទំនប់ទឹក ចំណែកសពបានយកទៅតម្កល់នៅវត្តទួលសង្កែ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់