ព័ត៌មានជាតិ

ចុម! ចោរជិះម៉ូតូសង់០១៨ ឆក់ទូរសព្ទពីបុរសជិះម៉ូតូគុប បានសម្រេចត្រូវជនរងគ្រោះជិះដេញបំបុកចាប់ខ្លួនបានម្នាក់!!

ភ្នំពេញៈ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទមួយគ្រឿងពីបុរសម្នាក់ ខណៈកំពុងជិះម៉ូតូនិយាយទូរសព្ទបានសម្រេច ត្រូវបានម្ចាស់ទូរសព្ទជិះដេញតាមពីក្រោយ រួចជិះបំបុកបណ្តាលឲ្យជនសង្ស័យដួល ត្រូវបានប្រជាពលរដ្ឋជួយចាប់បានម្នាក់វាយទ្រមខ្លួន និងដកហូតបានម៉ូតូមួយគ្រឿង។ ចំណែកបក្ខពួកម្នាក់ទៀតយកទូរសព្ទជនរងគ្រោះម៉ាកIphone6 រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្តុបអូរឬស្សី តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាតវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យដែលអង្គុយនៅខាងក្រោយនិងជាអ្នកធ្វើសកម្មភាព ឆក់មាន ឈ្មោះ ឡៃ សុផានី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកបក្ខពួកម្នាក់ទៀតនិងជាម្ចាស់ម៉ូតូហុងដាឌ្រីមសង់ស៊េរី០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1GH-6788មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះសូមលាក់អត្តសញ្ញាណ​ ស្នាក់នៅផ្ទះជួលផ្លូវបេតុង នៅតាមក្រោយខារ៉ាអូខេញូស្តារ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1CM-5529។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតរូបគាត់ជិះម៉ូតូមួយគ្រឿងចេញពីផ្ទះបំណងទៅយកប្រពន្ធនៅម្តុំគីរីរម្យដើម្បីយកប្រពន្ធត្រឡប់មកផ្ទះវិញ ដោយជិះបណ្តើរនិយាយទូរសព្ទបណ្តើរ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយហើយធ្វើសកម្មភាពឆក់ទូរសព្ទដែលគាត់កំពុងនិយាយបានសម្រេចរួចនាំគ្នាជិះម៉ូតូខ្លួន។

ប្រភពដដែលបានបន្តទៀតថាខណៈនោះរូបគាត់បានជិះម៉ូតូដេញតាមក្រោយហើយបានស្រែកថាចោរៗលុះជិះដេញមកដល់ចំណុចផ្លូវ២១៧ផ្សារដើមគ ជនសង្ស័យបានវាក់អើនឹងរថយន្តមួយគ្រឿងបើកនៅខាងមុខ ខណៈនោះរូបគាត់ជិះដល់ល្មមហើយជិះបំបុកឲ្យសង្ស័យទាំង២នាក់ដួលភ្លាមៗស្រាប់តែប្រជាពលរដ្ឋឃើញហេតុការបាននាំគ្នាជួយដេញចាប់បានម្នាក់វាយឡើងទ្រោមខ្លួននិងបានដកម៉ូតូបានមួយគ្រឿងរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។ ចំណែកបក្ខពួកម្នាក់ទៀតយកទូរសព្ទជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគរយកមកសួរនាំនិងប៉ុស្តិ៍រួចបានទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់វាលវង់រួចប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបានសង្កាត់វាលវង់ដើម្បីចាត់ការបន្ត៕

មតិយោបល់