ព័ត៌មានជាតិ

ចម្លែកមែន! ជិះគេចកន្លែងត្រួតពិនិត្យពេលយប់ ត្រូវកម្លាំងនគរបាលដេញតាមរកមិនឃើញ លុះព្រឹកឡើង ពលរដ្ឋប្រទះឃើញម៉ូតូបះជើងនៅវាលស្រែ

សៀមរាប: នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៣និង០០នាទីយប់ រហូតដល់ម៉ោង២និង០០នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងក្រុម០២ កម្លាំងអធិការដ្ឋាននគរបាលស្រុក ប្រាសាទបាគង សហការជាមួយកម្លាំងប៉ុស្តិ៍បាគង និងប្រជាការពារ ឃុំបាគង ដាក់គោលដៅ ត្រួតពិនិត្យតាមដងផ្លូវ នៅត្រង់ចំណុចមុខអធិការដ្ឋានស្រុក ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លទ្ធផល៖ នៅវេលាម៉ោង១និង០០នាទី ពេលកម្លាំងនគរបាលកំពុងធ្វើការត្រួតពិនិត្យ នៅលើដងផ្លូវ ស្រាប់តែមានមនុស្សម្នាក់ជិះម៉ូតូ១គ្រឿង គេចតាមផ្លូវតូច ទៅទិសខាងត្បូង ហើយត្រូវកម្លាំងជិះតាមរកមិនឃើញ លុះព្រឹកឡើងវេលាម៉ោង១០និង០០នាទី ទើបប្រជាពលបានប្រទះឃើញម៉ូតូ១គ្រឿង ដួលបះជើងឡើងលើក្នុងវាលស្រែ និងមានស្បែកជើង១គូ មួកការពារចំនួន១ ។

ក្រោយទទួលព័ត៌មានកម្លាំងប៉ុស្តិ៍រលួស និងកម្លាំងអធិការដ្ឋានស្រុក បានចុះទៅត្រួតពិនិត្យ និងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជាបណ្តោះអាសន្នសិន ។ ម៉ូតូខាងលើម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខបាត់ដំបង 1AF.6207 លេខតួលេខម៉ាស៊ីន ៥២៩១៤១១ ៕

មតិយោបល់