ព័ត៌មានជាតិ

វ៉ាវ! ឆបោក និងរំលោភលើទំនុកទឹកប្រាក’ជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ទៅឲ្យតំណាងចែកចាយ

ភ្នំពេញ: យោងតាមផេករបស់នាយដ្ឋាននគរបាលព្រហ្មទហ្ទ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនស្រីម្នាក់ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ទៅឲ្យតំណាងចែកចាយ ចំនួន១២នាក់។

ស្ដ្រីខាងលើឈ្មោះ ណើ ចាន់ត្រា អាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ជនរងគ្រោះចំនួន១២នាក់។ ទឹកប្រាក់សរុបក្នុងអំពើឆបោកនេះ ត្រូវបានជនរងគ្រោះអះអាងថា ចំនួន៧៦១,៤៦៤ដុល្លារ។

ជនរងគ្រោះទាំង១២នាក់ បានរៀបរាប់ក្នុងពាក្យបណ្ដឹង ដាក់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌថា អំឡុងឆ្នាំ២០២០ នៅចំណុចបុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន (ស្វាមីឈ្មោះ ណើ ចាន់ត្រា) បានទាក់ទងពួកខ្លួន ដោយអះអាងថា មានផលិតផលគ្រឿងសំអាងម៉ាក CTM សម្រាប់ចែកចាយមកឲ្យពួកខ្លួនលក់បន្ដ ដែលអាចរកផលចំណេញបានខ្ពស់។

ក្រោយមកឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន បានបញ្ជាក់ប្រាក់ជនរងគ្រោះទាំង១២នាក់ថា បើចង់ទទួលសិទ្ធិលក់បន្ដ ត្រូវទិញផលិផលនេះជាកញ្ចប់ ក្នុងតម្លៃផ្សេងៗគ្នា។ ដោយជឿជាក់ដើមបណ្ដឹងទាំង១២នាក់ បានប្រគល់ប្រាក់ចំនួនផ្សេងៗគ្នារៀងខ្លួន ឲ្យទៅឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន សរុបជាប្រាក់ចំនួន ៧៦១,៤៦៤ដុល្លារ។

ក្រោយទទួលប្រាក់ពីដើមបណ្ដឹងទាំង១២នាក់រួចហើយ ឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េង បាន មិនមានផលិតផលផ្គត់ផ្គង់គ្រឿងសំអាងម៉ាក CTM ឲ្យមកដើមបណ្ដឹងទាំង១២នាក់គ្រប់គ្រាន់នោះទេ។ បន្ទាប់មកឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន បានគេចវេសមិនទទួលខុសត្រូវនូវកាតព្វកិច្ច ដែលត្រូវបំពេញមកដើមបណ្ដឹងទាំង១២នាក់។

គួរជម្រាបថា ក្រោយចាប់ខ្លួន និងសួរនាំ ឈ្មោះ ម៉េត បាន មិនពាក់ព័ន្ធក្នុងករណីនេះនោះទេ ពោលមានតែឈ្មោះ ណើ ចាន់ត្រា តែម្នាក់ឯងប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

 

មតិយោបល់