ព័ត៌មានជាតិ

ជនសង្ស័០២នាក់ ឆក់ទូរស័ព្ទមិនបានសម្រេច ត្រូវម្ចាស់ដេញចាប់វ៉ៃទក់សាច់ម្នាក់

ភ្នំពេញ : ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋវ៉ៃទក់សាច់ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក 11Pro មិនបានសម្រេច ហើយត្រូវម្ចាស់ទូរស័ព្ទដេញតាមចាប់បាន ។

ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ១១និង១៨នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូស៊េរីចាស់ ពាក់ផ្លាកលេខ រាជការ ៣៩០៨ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះ នៅចំណុចផ្សារដើមផ្កូវ ហើយព្យាយាមបើករត់គេច តែត្រូវអ្នកក្លាហានម្ចាស់ទូរស័ព្ទ ជិះម៉ូតូដេញចាប់បាន នៅក្នុងទឹកដីសង្កាត់អូរឡាំពិក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់ រីវ៉ូ ពាក់ផ្លាកលេខ ភ្នំពេញ 1AM-4205 រងរបួសរលាត់ដៃជើងបន្តិចបន្តួច និងខូចខាតម៉ូតូផងដែរ ។

បច្ចុប្បន្នទូរស័ព្ទត្រូវប្រគល់ជូនជនរងគ្រោះវិញ ។ ដោយឡែកជនសង្ស័យទាំង០២នាក់ គឺត្រូវបាននាំខ្លួនយកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់