ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមយុវជនទំនើងបង្ហោះម៉ូតូ លើផ្លូវសាធារណៈធ្វើឲ្យខូចសណ្តាប់ធ្នាប់ យកមកអប់រំ និងធ្វើកិច្ចសន្យា

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាពេលថ្មីៗកន្លងទៅសង្កេតឃើញថា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយ និងចែករំលែកជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងក្រុមយុវជនក្មេងទំនើងប្រុស-ស្រី ដែលបង្កហានិភ័យសង្គម ដោយនាំគ្នាបង្កើតជាក្រុមជិះម៉ូតូបង្ហោះលើផ្លូវសាធារណ: បង្កការរំខាន និងគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។

ទទួលបានព័ត៌មាននេះ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ្ឌ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឈានដល់ការឃាត់ខ្លួនយុវជនទំនើងមួយក្រុមមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បង្កការរំខានដល់អ្នកប្រើប្រាស់ផ្លូវសាធារណ: និងក៏បានកោះអញ្ជើញអាណាព្យាបាល(ឪពុក-ម្តាយ) មកទទួលយប់ក្រុមក្មេងទាំងនេះទៅអប់រំបន្តនៅសហគមន៍។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង របស់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាពិសេសកម្លាំងជំនាញ នៃអធិការដ្ថាននគរបាលក្រុងសេរីសោភ័ណ ត្រូវបានទទួលការសាទរ ពីប្រជាពលរដ្ឋ ដែលប្រើប្រាស់ដងផ្លូវសាធារណ:ក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ។

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណ:ជន និងបណ្ដាញទំនាក់ទំនងសង្គម ដែលតែងតែចូលរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ក្នុងការផ្ដល់ព័ត៌មាន មុខសញ្ញាសង្ស័យ ក្មេងទំនើង ជាមូលដ្ឋានក្នុងការអនុវត្តជំនាញ និងឈានដល់ការបង្ក្រាប ក៏ដូចជាបង្ការទប់ស្កាត់បានទាន់ពេលវេលា ដើម្បីធានាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណ:និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ៕

មតិយោបល់