ព័ត៌មានជាតិ

ជនធ្លាប់ជាប់មណ្ឌលកែប្រែ បន្សាបគ្រឿងញៀនម្នាក់ ខ្ចីកង្ហាប្អូនបង្កើតមិនបាន យកដែក៤ជ្រុងវាយកញ្ចក់ផ្ទះ បណ្តាលឲ្យបែកអស់១ផ្ទាំង មានអីខ្នោះទៀត

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនា បណ្ដាលឲ្យបែកកញ្ចក់ទ្វា ចំនួនមួយផ្ទាំងនៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សុន វណ្ណា ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមេផ្ទះ ត្រូវជាប្អូនបង្កើត
របស់ជនសង្ស័យឈ្មោះ សុន សំអឿន ភេទប្រុស ជនជាតិខ្មែរ អាយុ៤០ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុមុខរបរកម្មករសំណង់ មានសារធាតុញៀនក្នុងទឹកនោម,ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបគ្រឿងញៀន៦ខែ(ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ដែកកទីប៤ជ្រុង ប្រវែង១១០ សង់ទីម៉ែត្រ ចំនួន១(របស់ជនសង្ស័យ)។

កាលពីពេលវេលាកើតហេតុខាងលើ ជនសង្ស័យផឹកស្រាស្រវឹង រួចហើយបានទៅផ្ទះប្អូនរបស់ខ្លួនយកកង្ហា ដើម្បីដាក់បើកកុំឲ្យក្តៅស្អុះ តែពេលនោះជនរងគ្រោះមិនឲ្យនិងស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យខឹង ក៏បានយកដែកទីប៤ជ្រុងវាយកញ្ចក់បង្អួចផ្ទះជនរងគ្រោះ បណ្តាលឲ្យបែកអស់១ផ្ទាំង ហើយគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចុះឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់