ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជាងឈើម្នាក់ ករណីជិះម៉ូតូឆក់

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៦ និង០០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស​ (ជិះម៉ូតូឆក់ទូរស័ព្ទដៃ)​ ប្រព្រឹត្តិនៅចំណុចក្បែរផ្សារអ៊ីឌិនបឹងកក់ ផ្លូវ១៦៩ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទី។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ស្រ៊ុន ពិសី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ​​ ទីលំនៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​(ឃាត់ខ្លួន) បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះឈ្មោះ ហុង ចាន់ធា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ទីលំនៅផ្ទះលេខ២៤កា ផ្លូវ៦២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ ខណ:ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ១៦៩ ពីជើងទៅត្បូង ចំណុចក្បែរផ្សារអ៊ីឌិន ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ ។ ភ្លាមៗនោះជនរងគ្រោះស្រែកឆោឡោចោរៗជនសង្ស័យក៏បានបើកម៉ូតូដើម្បីរត់គេចខ្លួន បន្ទាប់មកត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌប៉ុស្ដិ៍ល្បាតទៅដល់ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង។

ប្រភពដដែល បានឲ្យដឹងទៀតថា ៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះប្រាកដមែន ។ ចំណែកឯវត្ថុតាងរួមមាន ៖

-ទូរស័ព្ទ​ដៃមួយគ្រឿងម៉ាក Iphone7 Plus ពណ៌ខ្មៅ(ជារបស់ជនរងគ្រោះ) ។
-ម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅគ្មានស្លាកលេខលេខតួ+ម៉ាស៊ីន.9749880 (ជារបស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់