បុរសដឹកអីវ៉ាន់តាមអនឡាញម្នាក់ ត្រូវជនមិនស្គាល់មុខចាក់ច្រើនកាំបិត ស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញៈ បុរសម្នាក់បានស្លាប់ពេលបញ្ជូនសង្រ្គោះនៅឯមន្ទីរពេទ្យ ខណៈដែលត្រូវជនមិនស្គាល់មុខ ដេញចាក់ជាច្រើនកាំបិត។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះឈ្មោះ ជីន សុភា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាអ្នកដឹកអីវ៉ាន់តាមអនឡាញ និងមានស្រុកកំណើតនៅភូមិខ្សាច់ឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មធ្យោបាយធ្វើដំណើរ ម៉ូតូ HONDA DREAM 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1R-8743។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ បានរត់ចេញពីកន្លែងសំណង់ផ្ទះល្វែង ទុកចោលខាងលើចម្ងាយ ជាង១០០ម៉ែត្រ ហើយបានស្រែកហៅឲ្យគេជួយផង មានគេប្លន់គាត់ ហើយរត់មកទាំងខ្លួនត្រូវគេចាក់ចំជើងទាំងសងខាង រត់មកដួលក្នុងថ្លុកទឹក។

ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាខលហៅរថយន្តសង្រ្គោះបន្ទាន់ ដើម្បីដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យផងដែរ តែដោយសារជនរងគ្រោះ ហូរឈាមច្រើនពេកពិបាក ក្នុងការក្នុងការជួយសង្គ្រោះ បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ ដើម្បីចុះមកធ្វើការត្រួតពិនិត្យសព ដើម្បីធ្វើកំណត់ហេតុប្រគល់ សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ និងតាមចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់