ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចសម្ភារៈក្នុងឃ្លាំងដែកយីហោ លុច សំណាង សរុបជាទឹកប្រាក់ជិត៣ពាន់ដុល្លារ

ភ្នំពេញ: កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០១និង០០នាទី មានករណីជនសង្ស័យម្នាក់ បានប្រព្រឹត្តអំពើលួច សម្ភារ:ទ្រព្យសម្បត្តិក្នុងឃ្លាំងដែកមួយកន្លែងមានយីហោ លុច សំណាង នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ គង់ លុច ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ០៩ ផ្លូវលេខ០៩ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ ខេង គីនីម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ១/ទូរស័ព្ទដៃម៉ាក Iphone6 ពណ៌ទឹកមាសចំនួន០១គ្រឿង, ២/ទូរស័ព្ទដៃម៉ាក NOKIA ពណ៌ ផ្កាឈូកចំនួន០១គ្រឿង, ៣/កន្ត្រៃចំនួន០១, ៤/ទួណឺវីសចំនួន០១, ៥/ដែកគាស់ថ្នាំងអំពៅចំនួន០១ ។

ហេតុការណ៍៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី ជនរងគ្រោះឈ្មោះ គង់ លុច ភេទប្រុស អាយុ៣៨ឆ្នាំ បានចាក់សោឃ្លាំងដែកយីហោ លុច សំណាង ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រឹមត្រូវ ហើយក៏បានចេញទៅផ្ទះលេខ០៩ ផ្លូវលេខ០៩ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លុះរហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទីព្រឹក ជនរងគ្រោះក៏បានចេញពីផ្ទះទៅឃ្លាំងដែកខាងលើ ពេលជនរងគ្រោះដើរចូលទៅក្នុងឃ្លាំង និងបន្ទប់ការិយាល័យ បានឃើញសម្ភារ:ក្នុងការិយាល័យមានភាពរញ៉េរញ៉ៃ និងបាត់សម្ភារ:មួយចំនួនដូចជា៖ ១/កុំព្យូទ័រចំនួន០៣គ្រឿង (ម៉ាកMacbook ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង, ម៉ាក Accer ចំនួន០១គ្រឿង, ម៉ាក Lenovo ពណ៌ខ្មៅចំនួន០១គ្រឿង) ២/ទូរសទស្សន៍ម៉ាក SONY ពណ៌ខ្មៅចំនួន០១គ្រឿង ៣/កង្ហារម៉ាកហាតារីចំនួន០១គ្រឿង ៤/កៅអីចំនួន០៨ (អីណុកចំនួន០៤,ជ័រចំនួន០៤) ៥/Speaker ចំនួន០១គ្រឿង, ៦/លុយខ្មែរចំនួន ១៩៧,៣០០០ រៀល (មួយលាយប្រាំបួនសែនប្រាំពីរម៉ឺនបីពាន់រៀល) ៧/Ipaid ចំនួន០១គ្រឿង និងសម្ភារ:ការិយាល័យមួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួន ២៥០០ដុល្លារ (ពីរពាន់ប្រាំរយដុល្លារអាមេរិក) ។ ហើយជនរងគ្រោះក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្នុងឃ្លាំង និងការិយាល័យបានឃើញជនសង្ស័យម្នាក់ ចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិខាងលើ នៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ រួចគេចខ្លួនចេញបាត់ ។ ហើយជនរងគ្រោះពុំបានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចភ្លាមទេ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ទើបជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរតាមផ្លូវច្បាប់ ។ បន្ទាប់មកនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤និង០០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ តាមរយ:ប្រព័ន្ធ អាយខ្លោដ ដែលបំពាក់នៅលើទូរស័ព្ទដៃម៉ាក Iphone6 ពណ៌ទឹកមាស ដែលជនសង្ស័យបានលួចយកទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ខេង គីនីម ភេទប្រុស អាយុ៤០ឆ្នាំ ត្រង់ចំណុចតារាងបាល់ទះ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនឹងវត្ថុតាង ១/ទូរស័ព្ទដៃម៉ាក Iphone6 ពណ៌ទឹកមាសចំនួន០១គ្រឿង, ២/ទូរស័ព្ទដៃម៉ាក NOKIA ពណ៌ ផ្កាឈូកចំនួន០១គ្រឿង, ៣/កន្ត្រៃចំនួន០១, ៤/ទួណឺវីសចំនួន០១, ៥/ដែកគាស់ថ្នាំងអំពៅចំនួន០១ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់