ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់បន្តបន្ទាប់ពាក់ព័ន្ធករណីលួច

ព្រៃវែង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករាស្រាវជ្រាវឃាត់ខ្លួនយុវជន២នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(យកម៉ូតូ)។
ប្រភពព័ត៌មានបានឲ្យដឹងថាវេលាម៉ោង៤ព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ឈ្មោះយ៉ុនយ៉តភេទប្រុសអាយុ២៣ឆ្នាំនិងឈ្មោះយ៉ុនយ៉េតភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិសន្លុងឃុំរកាស្រុកពារាំងខេត្តព្រៃវែងបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC125ស៊េរី២០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GW-8220ចេញពីផ្ទះទៅរាជធានីភ្នំពេញ។ពេលមកដល់ចំណុចមុខផ្ទះឈ្មោះសុងឡេងស្ថិតក្នុងភូមិ.ឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែងត្រូវបានក្រុមជនល្មើសមានគ្នា៤នាក់ម៉ូតូ៣គ្រឿងជិះមកកៀរនិងធាក់វាយយកម៉ូតូនិងលុយ៧ម៉ឺនរៀលរួចគេចខ្លួនចេញទៅបាត់។
លុះដល់ម៉ោង៩និង១៥នាទីថ្ងៃដដែលជនរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលកំពង់ពពិលដើម្បីស្រាវជ្រាវ។
ក្រោយទទួលពាក្យបណ្តឹងសមត្ថកិច្ចនគរបាលស្រុកពារាំងបានសហការជាមួយជាមួយសមត្ថកិច្ចខណ្ឌ៧មករាបានឃាត់ខ្លួនជនសង្ស័យ១នាក់និងម៉ូតូ១គ្រឿងរបស់ជនល្មើស។
ជនសង្ស័យឈ្មោះជាបក័ល្ខភេទប្រុសអាយុ១៧ឆ្នាំទីលំនៅភូមិស្គាស្រុកឃុំភ្នៅ២ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង។
លុះដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០សមត្ថកិច្ចជំនាញនគរបាលស្រុកពារាំងបានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌ៧មករាបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះអោកចាន់ថាហៅរ៉ូភេទប្រុសអាយុ១៨ឆ្នាំនៅផ្ទះជួលក្នុងភូមិ៣សង្លាត់អូរឫស្សី១ខណ្ឌ៧មករារាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលស្រុកពារាំងដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់