ព័ត៌មានជាតិ

តៃវ៉ាន់ថាសំណើសុំចូលជាសមាជិក CPTPP នឹងជួបហានិភ័យ បើចិនចូលបានមុន

(តៃប៉ិ)៖ សំណើស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ឬ CPTPP អាចនឹងជួបហានិភ័យ ប្រសិនបើចិនអាចចូលរួមក្នុងកិច្ចព្រមព្រៀង នេះបានមុន។ នេះបើតាមប្រធានកិច្ចចរចាពាណិជ្ជកម្មនៃកោះតៃវ៉ាន់ លោក John Deng។

តៃវ៉ាន់បានដាក់ពាក្យស្នុំសុំជាផ្លូវការដើម្បីចូលជាសមាជិក CPTPP កាលពីថ្ងៃពុធ ទី២២ ខែកញ្ញានេះ តែជាងមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីចិនបានដាក់សំណើសុំ ចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះជាផ្លូវការ។ លោក John Deng បានសង្កត់ធ្ងន់ប្រាប់អ្នកសារព័ត៌មានថា ចិនតែងតែព្យាយាមបង្កឧបសគ្គរារាំងកុំឱ្យ តៃវ៉ាន់ចូលរួមក្នុងស្ថាប័នអន្តរជាតិនានា ហើយលោកក៏ទទួលស្គាល់ដែរថាវាពិតជាពិបាកព្យាករខ្លាំងណាស់ថាតៃវ៉ាន់អាចនឹងត្រូវទទួលឱ្យចូលជាសមាជិក CPTPP ដែរឬក៏យ៉ាងណា? តែអ្វីដែលគេអាចដឹងច្បាស់នោះគឺបើចិនចូលបានមុន នោះតៃវ៉ាន់គ្មានផ្លូវអាចនឹងចូលរួមក្នុង CPTPP នោះទេ។

CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកើតចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវបង្កើតឡើងដើម្បីប្រឆាំងនឹងការកើនឡើង ឥទ្ធិពលចិន។ តែអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញកាលពីឆ្នាំ២០១៧ ហើយរហូតដល់ឆ្នាំ២០១៨ ទើបបណ្ដាប្រទេសជាសមាជិក នៅសេសល់ចំនួន១១ រួមមានអូស្រ្តាលី, ប្រ៊ុយណេ, កាណាដា, ស៊ីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកស៊ិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី និងវៀតណាម រួមគ្នាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP នេះឡើង៕

ប្រភព៖​​​​​​ AFP

មតិយោបល់