បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថាក្មេងស្រីអាយុ០៦ឆ្នាំបានទៅងូតទឹកប្រឡាយលេងបណ្តាលឲ្យលង់ស្លាប់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅប្រឡាយខាងកើតភូមិ៥០ម៉ែត្រ ស្ថិតក្នុងភូមិបង្រុះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ កុមារីរងគ្រោះឈ្មោះ អៀង ណារី អាយុ០៦ឆ្នាំ មានឪពុកឈ្មោះ អោ សង្កូត អាយុ៣៩ឆ្នាំនិងម្តាយឈ្មោះ ទិត្យ ដា អាយុ៤១ឆ្នាំ មានទីលំនៅភូមិបង្រុះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បច្ចុប្បន្ននៅធ្វើការឯប្រទេសថៃ ដោយផ្ញើកូនស្រីឲ្យនៅជាមួយអ៊ុស្រី ឈ្មោះ ប៉ិ អៀង អាយុ៤៨ឆ្នាំ នៅភូមិជាមួយគ្នាឲ្យជួយមើល ។
ប្រភពដដែលបានឲ្យដឹងថា៖ អ៊ុស្រីនោះមិនបានដឹងថាក្មួយទៅលេងទឹកទេ នៅមុនពេលកើតហេតុ ក្មេងរងគ្រោះនិងក្មេងស្រីម្នាក់ទៀតអាយុប្រហែលគ្នានៅក្នុងភូមិ បាននាំគ្នាទៅងូតទឹកប្រឡាយលេង នៅពេលនោះកុមារីឈ្មោះ អៀង ណារី បានលង់ទឹក ក្មេងស្រីដែលងូតជាមួយបានរត់ទៅប្រាប់មនុស្សចាស់នៅឯវាលស្រែឲ្យមកជួយ ពេលស្រង់យកមកប្រាប់អ៊ុស្រី ហើយបាននាំក្មេងរងគ្រោះទៅមណ្ឌលសុខភាព ដើម្បីសង្រ្គោះជីវិតតែជាអកុសលគ្រូពេទ្យបានប្រាប់ថាកុមារីរងគ្រោះបានបាត់បង់ជីវិតទៅហើយ សព ក្មេងរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់