បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង០៦យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ បណ្តាលឲ្យឆេះផ្ទះ០១ខ្នង ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះឈ្មោះ យាន សារិត ភេទប្រុស អាយុ៧៣ឆ្នាំ ប្រពន្ធ ពៅ ចិន្តា អាយុ៦៦ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្ទះទំហំ០៤ម X០៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី សំយ៉ាបប្រក់ស្បូវ ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីលោកមេភូមិសុខសាន្ត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់និមិត្តនិង ប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍ពន្លត់ ប៉ុន្តែមិនអាចជួយពន្លត់បាន ព្រោះភ្លើងបានឆាបឆេះសន្ធោសន្ធៅ ស្របពេលនោះ មានខ្សល់ខ្លាំងបង្កឲ្យភ្លើងឆាបឆេះលឿន បណ្តាលឲ្យផ្ទះនិងសម្ភារៈក្នុងផ្ទះឆេះគ្មានសល់ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់មនុស្សឡើយ ៕




មតិយោបល់