ព័ត៌មានជាតិ

គ្រាន់តែសង្ស័យគេលួចយកទូរស័ព្ទសោះ បុរសម្នាក់នេះ យកឧបករណ៍លើកសាច់ដំដៃ វាយក្បាលជនរងគ្រោះ បណ្តាលឲ្យដួលសន្លប់

ភ្នំពេញៈ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី មានករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យកឧបករណ៍សម្រាប់លើកយកសាច់ដុំដៃវាយក្បាលឲ្យរបួសម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ តាំង រស្មី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខផ្លូវលំភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ លឹម ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរទីលំនៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ។

វត្ថុតាងចាប់យក៖ ឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ (ធ្វើពីស៊ីម៉ងត៍)ចំនួន០១ ។

ហេតុការណ៍៖ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី នៅចំណុចផ្ទះជួលគ្មានលេខផ្លូវលំភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ លឹម ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ បានមកយកខោអាវ ដែលផ្ញើទុកនៅផ្ទះជួលរបស់មិត្តភក្កិឈ្មោះ តាំង ចាន់ ភេទប្រុស អាយុ២១ឆ្នាំ ក្នុងពេលនោះជនសង្ស័យឈ្មោះ តាំង រស្មី ភេទប្រុស អាយុ២៧ឆ្នាំ បានយកឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ (ធ្វើពីស៊ីម៉ងត៍) ចំនួន០១ វាយជនរងគ្រោះ បណ្ដាលឲ្យរងរបួសបែកក្បាលពីខាងក្រោយចំនួន០១កន្លែង ដួលសន្លប់ទៅលើដី (ដោយជនសង្ស័យឈ្មោះ តាំង រស្មី សង្ស័យជនរងគ្រោះបានលួចយកទូរស័ព្ទដៃរបស់គេ ដែលបានបាត់) ខណៈនោះអ្នកជិតខាងបានបញ្ជូនជនរងគ្រោះឈ្មោះ លឹម ធារ៉ា ទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះទៅឃាត់ខ្លួនយកមកទីស្នាក់ការប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធីតែម្ដង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ តាំង រស្មី សមត្ថកិច្ចបានចាប់យកវត្ថុតាងមាន៖ ឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ (ធ្វើពីស៊ីម៉ងត៍) ចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ តាំង រស្មី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់