សៀមរាបៈ ព្រះសង្ឃប្រមាណជិត១០០អង្គ ដែលគង់នៅវត្តព្រះឥន្ធកោសីយ៍ បានផ្តិតមេដៃឲ្យព្រះសង្ឃ មួយអង្គទទួលយកគោលការណ៍ ចំនួន២ ដែលទី១គឺ ចាប់ផ្សឹក និងទី២. បណ្តេញចេញពីវត្តក្រោមហេតុផល មិនពេញចិត្តហើយជាលទ្ធផលមន្ត្រីសង្ឃ និងអាជ្ញាធរពាក់ព័ន្ធចេញមុខសម្របសម្រួល ដោយយល់ព្រមលើគោលការណ៍ទី២។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣១ ខែសីហា នៅក្នុងវត្តព្រះឥន្ធកោសីយ៍ ដែលស្ថិតក្នុងភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រវត្តិនៃសាច់រឿងដែលបានកើតឡើងក្នុងវត្តខាងលើនេះ គឺបន្ទាប់ពីព្រះចៅអធិការវត្តព្រះឥន្ធកោសីយ៍ បានសុគតទៅហើយជម្លោះទាំងនេះគឺផ្តើមចេញ ពីការដណ្តើមអំណាចរវាងព្រះសង្ឃ និងព្រះសង្ឃរហូត ព្រះចៅអធិការវត្តដែលទើបឡើងកាន់តំណែងចេញលិខិតបណ្តេញសង្ឃមួយអង្គចេញពីវត្ត។
លិខិតជូនដំណឹងដែលមានបោះត្រាវត្តតែមិនចុះហត្ថលេខាចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ បញ្ជាក់ថាខ្ញុំព្រះករណាទាំងអស់អង្គក្នុងវត្តព្រះឥន្ធកោសីយ៍សូមប្រគេនដំណឹងដល់ព្រះអង្គ អ៊ុន សម្ផស្ស ឲ្យបានជ្រាបថា វត្តមួយនេះ មិនអនុញ្ញាតឲ្យព្រះអង្គគង់ស្នាក់ក្នុងវត្តទៀតទេ។ មូលហេតុ ដោយព្រះអង្គមួយនេះ បានធ្វើព្យុះភ្លៀងជាច្រើនដូចជាដឹកនាំពុទ្ធបរិស័ទធ្វើបាតុកម្មនៅសាលាខេត្ត ចោទប្រកាន់ព្រះចៅអធិការវត្តថា តែងតាំងខ្លួនឯងជាចៅអធិការ។ល។
ក្នុងពេលក្រុមព្រះសង្ឃនាំគ្នាចាប់សែងសង្ឃឈ្មោះ អ៊ុន សម្ផស្ស យកទៅក្នុងវិហារហើយចាក់សោរជាប់ គេឃើញក្រុមយាយជីតាជី បានឈរតោងបង្អួចស្រែកសុំចូលទៅដែរ ដោយបញ្ជាក់ថា មេចក៏សាហាវជាងរបបប៉ុលពតម្ល៉េះ។ ប៉ុន្តែមិនបានដូច បំណងទេ ដោយព្រះសង្ឃជាភាគីជម្លោះចាក់សោរខាងក្នុងជាប់ទាំងអស់ សូម្បីតែអ្នកកាសែត ដែលតាមផ្តិតរូបភាព ក៏ត្រូវជាប់ក្នុងនោះដែរ។
ក្នុងស្ថានភាពជម្លោះកាន់តែក្តៅ ដែលសមត្ថកិច្ចពាក់ពន្ធ័នៅតែមិនអាចដោះស្រាយ ព្រះមេគណខេត្តព្រះអង្គជុំ គឹមឡេង បានមានសង្ឃដីការតាមទូរស័ព្ទ ឲ្យនាំព្រះសង្ឃអ៊ុន សម្ផស្ស ទៅជួបលោកដើម្បីដោះស្រាយ។ ប៉ុន្តែព្រះសង្ឃខាង ចៅអធិការមិនព្រម ទាមទារឲ្យផ្តិតមេដៃចាកចេញពីវត្ត មិនថា ជារដូវចូលវស្សាអីនោះទេ។ នៅទីបំផុតសង្ឃអ៊ុន សម្ផស្ស បានផ្តិតមេដៃព្រមចាកចេញក្នុងរយៈពេល៧ថ្ងៃក្រោយ។
ប្រភពពីឧបាសកឧបាសិកាចំណុះជើងវត្តបានឲ្យដឹងថា ភិក្ខុចាន់ សុវណ្ណ បានចាកចោល វត្តតាំងពីឆ្នាំ២០០៤លុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ក៏បានវិលចូលមកវត្តវិញ តែត្រូវបានតែងតាំងជាចៅអធិការទៅវិញ។ ជាមួយគ្នា នោះភិក្ខុចាន់ សុវណ្ណ បានគ្រប់គ្រង គរុភណ្ឌក្នុងវត្តមានរថយន្ត៣គ្រឿង ប្រាក់១ម៉ឺនដុល្លាររបស់ ព្រះ មេគណ ដែលបានសុគត ប្រាក់សល់ពីបុណ្យសពព្រះមេគណ៤០ លានរៀល ជាង២.៥០០ដុល្លារ និងប្រាក់បាត៤.៥៣៥បាត។តួលេខចំណូលចំណាយបង្ហាញក្នុងអង្គប្រជុំ នៅសល់៩៥.៦២៦.០០០រៀល ប្រាក់ដុល្លារ ៨.១៦១ដុល្លារ ប្រាក់បាត៤.៥៣៥បាត តែប្រាក់ទាំងនេះ បាត់អស់ជាងពាក់កណ្តាល ដោយប្រាក់ខ្មែរ បាត់៥៥.៦២៦.០០០រៀល ប្រាក់ដុល្លារ១.៦៦១ដុល្លារ។ តើប្រាក់ទាំងនេះ បាត់ទៅណា?។
ទោះបីជាយ៉ាងនេះក្តីក្រុមមន្ត្រីដែលទៅស្តាប់អង្គហេតុបាននាំគ្នាគ្រវីក្បាល ដោយសារតែការធ្វើនេះ ហាក់បីដូចជាបង្ខំពេក ខណៈទំនាស់ និងពាក្យបណ្តឹងប្តឹងផ្តល់នៅមិនទាន់ដោះស្រាយគ្នានៅឡើយ។ ម៉្យាងវិញទៀត ក៏មានពុទ្ធបរិស័ទមកស្រែកថា មិនឲ្យចាប់ផ្សឹក ឬក៏បណ្តេញព្រះសង្ឃអង្គនេះចេញពីវត្តឡើយ ដោយនាំគ្នាលើកឡើងថា វាជារឿងអយុត្តិធម៌ណាស់អាងគ្នាច្រើនមកធ្វើបាបគ្នាតិច៕
មតិយោបល់