ព័ត៌មានជាតិ

២ករណីក្នុងពេលតែមួយ ក្នុងនោះមាននគរបាលការពារព្រំដែនគោកវរ:៨២៥ម្នាក់និងមួយទៀតក្មេងស្រីរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកវាលវែង

ពោធិ៍សាត់: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១​ វេលាម៉ោង៣និង១៥នាទីនិងម៉ោង៣និង២០នាទីនៅលើកំណាត់ផ្លូវជាតិលេខ៥៥ នៅចន្លោះគីឡូម៉ែត្រលេខ១៦៦-១៦៧និងគីឡូម៉ែត្រលេខ៩១-៩២មានករណីគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នាបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់(ខូចម៉ូតូ២គ្រឿងនិងរបួសសត្វគោ១ក្បាល)នៅស្រុកវាលវែង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅពិនិត្យដល់ទីកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍ទី១៖សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកWAVE អាល់ហ្វាពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះនុត សម្ភស្ស ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ចន្លោះគីឡូម៉ែត្រលេខ១៦៦-១៦៧នៅចំណុចភ្នំត្រង៉ោលភូមិឯកភាពឃុំថ្មដា។
លុះបើកមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្តម៉ាកCAMRYពណ៌សពាក់ស្លាកលេខបន្ទាយមានជ័យ2A-2561បើកបរដោយឈ្មោះស៊ិនយៀតភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិរហាលឃុំរហាលស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យបណ្តាលឲ្យរបួសធ្ងន់បាក់ជើងខាងស្តាំហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
ករណីគ្រោះថ្នាក់ចរាចរណ៍ទី២៖សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសឈ្មោះបុទ្ធិ ស័ក្តិសេនា ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ជានគរបាលការពារព្រំដែនគោកវរ:៨២៥បានបើកម៉ូតូម៉ាកVIVAពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1J-9401ធ្វើដំណើរពីកើតទៅលិចនៅលើកំណាត់ផ្លូវជាតិលេខ៥៥ចន្លោះគីឡូម៉ែត្រលេខ៩១-៩២នៅចំណុចដូននាគភូមិស្ទឹងថ្មីឃុំប្រម៉ោយស្រុកវាលវែងខេត្តពោធិ៍សាត់បានជ្រុលទៅបុកសត្វគោដែលបានរត់ឆ្លងផ្លូវកាត់មុខបណ្តាលឲ្យរងរបួសធ្ងន់ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ដើម្បីព្យាបាល។
ប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកវាលវែងបានបញ្ជាក់ថាបន្ទាប់ពីនគរបាលបានពិនិត្យនៅកន្លែងកើតហេតុរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរនេះបណ្តាលមកពី
កត្តាល្បឿន។ចំពោះម៉ូតូទាំង២គ្រឿងរថយន្តនិងសត្វគោត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីចាត់ការទៅតាមនីតិវិធី៕

 

មតិយោបល់