ព័ត៌មានជាតិ

បែនដឹកដីធុនធំ បុករះចូលផ្ទះពលរដ្ឋ បណ្តាលឲ្យម៉ូតូនិងរថយន្ត រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០១ និង១២នាទីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើង ដោយរថយន្តបែនដឹកដី១គ្រឿង បុករះចូលផ្ទះពលរដ្ឋ បណ្តាលឲ្យម៉ូតូនិងរថយន្ត រងការខូតខាត នៅត្រង់ចំណុចច្រកចូលវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដី១គ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3D-7419 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ។ លុះបើកបរមកដល់ចំណុចកើតហេតុ រថយន្តបត់ស្តាំចូលខ្លោងទ្វារវត្តសន្សំកុសល តាមបណ្តោយផ្លូវបេតុង ស្រាប់តែជ្រុលបុករះ ម៉ូតូ រថយន្ត និងផ្ទះពលរដ្ឋពេញទំហឹង បណ្តាលឲ្យខូចខាតមាន ម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IA-6730 និងរថយន្តម៉ាក Kia ១គ្រឿងទៀត ។

នៅក្រោយពេលកើតហេតុ ក៏មានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការវាស់វែង និងសម្រួលចរាចរណ៍ ទុកឲ្យភាគីទាំងសងខាងដោះស្រាយ នៅកន្លែងកើតហេតុ ដោយភាគីបង្កព្រមសង់សំណងទៅជនរងគ្រោះ ដើម្បីបញ្ចប់បញ្ហានៅកន្លែងកើតហេតុ ។ សូមបញ្ជាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ ៕

មតិយោបល់