ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងឃាតកម្ម បណ្ដាលឲ្យ ៣នាក់ ម្ដាយកូនរងរបួសធ្ងន់ ខណៈប្ដីចេញទៅទិញស្រា និងសាច់ក្លែម

កណ្ដាល: នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុកកៀនស្វាយ និងមន្រ្តីពាក់ព័ន្ធ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ក្នុងករណី៖ (ប៉ុនប៉ងឃាតកម្ម) កើតហេតុនៅថ្ងៃអង្គារ ០៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ០៣នាក់៖
១.ឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ ៣២ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី)។
២.ឈ្មោះ រស្មី ស្រីយ៉ា ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។
៣.ឈ្មោះ រស្មី សូជីញ ភេទស្រី អាយុ ០៨ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។
ចំណែកឈ្មោះ ផាន ភក្តី (ប្ដីជនរងគ្រោះ) ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ មានស្រុកកំណើត នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចប្បន្នស្នាក់នៅកន្លែងធ្វើការងារ(ធ្វើកម្មករសំណង់)ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ គ្មាន។

សភាពរឿងហេតុ៖ មុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះ ចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានផឹកស៊ីជាមួយប្ដីជនរងគ្រោះឈ្មោះ ផាន ភក្តី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រានិងសាច់ក្លែម លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួនមានរងរបួសស្នាមពេញខ្លួន ។

បញ្ជាក់ ពេលជនសង្ស័យ កំពុងផឹកស្រាជាមួយប្ដី ជនរងគ្រោះ នៅក្រោមផ្ទះ ជនរងគ្រោះ បានរអ៊ូរទាំជេរប្ដីមិនឱ្យផឹកស្រាជាមួយជនសង្ស័យ នៅផ្ទះរបស់ខ្លួននោះទេ នៅពេលប្ដីជនរងគ្រោះទៅទិញស្រាបៀរ និងសាច់ក្លែមជនសង្ស័យមានឱកាស ប្រព្រឹត្តធ្វើសកម្មភាព តែម្ដង ក្រោយពីធ្វើសកម្មភាពរួច រួចជនសង្ស័យបានរត់គេចខ្លួនរួមទាំងវត្ថុតាង។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចាត់ការតាមនីតិវិធី៕

មតិយោបល់