បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀននៅវេលាម៉ោង០០និង០៥នាទីឈានចូល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចមុខភោជនីយដ្ឋានម្លប់ឫស្សី ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀននៅវេលាម៉ោង០០និង០៥នាទីឈានចូល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានចាប់ឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់ចំនួន០២នាក់៖
១-ឈ្មោះ មាស ធីតា ភេទប្រុស ជនជាតិខ្មែរ នៅចំណុចមុខភោជនីយដ្ឋាន ម្លប់ឫស្សី ផ្លូវលេខ៥ សង្កាត់បាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងសង្ស័យថ្នាំញៀនអ៊ិចស្ត្រាស៊ីចំនួន ៤៨គ្រាប់ , សារធាតុញៀនសង្ស័យប្រភេទ កេតាមីន ចំនួន១៥ កូនថង់តូច ។ ២-ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស ដែលជាមេខ្លោង នៅចំណុចបន្ទប់លេខE៤៣ ជាន់ទី៤ ផ្លូវបេតុង ផ្ទះគ្មានលេខ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
វត្ថុតាងចាប់យកមាន ៖ ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន២៣ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្ត្រាស៊ី, ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤ថង់សង្ស័យសារធាតុញៀនប្រភេទអ៊ិចចស្ត្រាស៊ី ,ថ្នាំគ្រាប់ពណ៌លឿងស្រាល ចំនួន៥ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្ត្រាស៊ី, ក្រាមសថ្លាចំនួន០១ កូនថង់សង្ស័យសារធាតុញៀន ,ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះចំនួន១០គ្រាប់ សង្ស័យសារធាតុញៀន ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ,កេតាមីនទឹកចំនួន ១៥០ ដបសង្ស័យសារធាតុញៀន ,សម្ភារៈសម្រាប់សម្ងួតថ្នាំញៀនមួយកំប្លេរ ។
លោកស្នងការរងបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ ដោយមន្ទីរប្រឆាំងគ្រឿងញៀនជាដើមករណី តាមប្រម៉ាញ់មុខសញ្ញាពីក្រុងភ្នំពេញ មកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង០២នាក់ និងវត្ថុតាងប្រគល់ជូនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕






មតិយោបល់