ព័ត៌មានជាតិ

ទើបចេញពីគុកបាន ២ខែ ឆក់ចំនារីក្លាយហាន ទីបំផុតដេក!

ភ្នំពេញ: មុខសញ្ញាជនសង្ស័យ ឆក់ទើបចេញពីគុក ម្នាក់ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍ ឫស្សីកែវជួយអន្តរាគមន៍ ឃាត់ខ្លួនខណ:ពេល ដែលជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ១២ប្រូមួយគ្រឿងហើយ ត្រូវនារីជាម្ចាស់ទូរស័ព្ទ ជិះម៉ូតូដេញបំបុក បណ្តាលឲ្យដួល ។

ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ១០និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ ខាងសារិន ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យរូបនោះឈ្មោះ ញ៉ែម លីហូវ អាយុ ៣២ឆ្នាំ ស្នាក់នៅ ភូមិមិត្តភាពសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជាមុខសញ្ញាចាស់ដែលទើបចេញពីគុក បាន២ខែ ។ ចំណែកនារីក្លាហានជាម្ចាស់ទូរស័ព្ទឈ្មោះ គង់ គឹមហួង អាយុ ២៧ឆ្នាំ ជាបុគ្គលិក ផ្នែកលក់ នៅក្រុមហ៊ុនទឹកសុទ្ធ មួយ ស្នាក់នៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជិះម៉ូតូម៉ាក ឃ្លីក ពាក់ស្លាកលេខ បាត់ដំបង 1U-7413 មួយគ្រឿង ។

តាមនារីជាម្ចាស់ទូរស័ព្ទបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿង ខាងលើធ្វើដំណើរតាមផ្លូវខាងសារិន ក្នុងទិសដៅ ពីជើងទៅត្បូង ។ ខណ:ពេលមកដល់មុខ រោងចក្រ អគ្គិសនី ក៏បានឈប់ម៉ូតូលើកទូរស័ព្ទ ស្តាប់សំឡេងសារ ស្រាប់តែជនសង្ស័យ មានគ្នាតែម្នាក់ឯង ជិះម៉ូតូម៉ាក ហុងដាសេ១២៥ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CJ-7714 មកធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច រួចព្យាយាមគេចខ្លួន ។

តាមនារីរូបនោះ បានឲ្យដឹងទៀត ថា ដោយសារតែស្តាយទូរស័ព្ទ ដែលជាកម្លាំងញើសឈាម នាងបានស្រែក និងជិះម៉ូតូដេញតាមបំបុកពីក្រោយដោយពុំខ្លាចគ្រោះថ្នាក់ បណ្តាលឲ្យដួល ទាំងអស់គ្នា ។ ភ្លាមៗ ជននោះ ក៏បានស្ទុះងើបឡើងយក ទូស័ព្ទដែលឆក់បានបោកចោរនិងវាយ មកលើនាងបណ្តាលឲ្យថ្លក់ដៃ។ បន្ទាប់ពីមានការភ្ញាក់ផ្អើល ត្រូវបានកម្លាំងនគរបាលព្រមទាំងប្រជាពលរដ្ឋ នាំគ្នាជួយឃាត់ខ្លួនបានតែម្តង។

តាមនគរបាលឲ្យដឹងថា ទៀតថា ជនសង្ស័យ ជាមុខ សញ្ញាឆក់និងគាស់ផ្ទះ ហើយ ត្រូវបាននគរបាលប៉ុស្តិ៍ ឃាត់ខ្លួនបានម្តង បញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាត់ទោសជាប់គុកចំនួន ៤ឆ្នាំទើបចេញបាន២ខែ ធ្វើសកម្មភាពឆក់ទៀត។
ដោយឡែក ស្របពេលដំណាលគ្នា នៅពេលដែលមានសកម្មភាពឆក់ខាងលើ នគរបាលក៏បានប្រកាសតាមវិទ្យុទាក់ទង ចុះទៅអន្តរាគមន៍ស្ទាក់ ចាប់ជនសង្ស័យឆក់ បានប្រទះឃើញ ជនសង្ស័យ ម្នាក់ទៀត ដែលទើបតែ លួចម៉ូតូបានថ្មីៗ ក៏បានឃាត់ខ្លួន ផងដែរ។

ជនសង្ស័យ រូបនោះ ឈ្មោះ ហេង សីហា អាយុ ៣១ឆ្នាំ ស្នាក់នៅ ម្តុំបាចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ បន្ទាប់ពីឃាត់ខ្លួន នគរបាលប៉ុស្តិ៍ឬស្សីកែវ ដកហូតបានម៉ូតូម៉ាកនិច ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GK-2978 ដែលមានម្ចាស់ឈ្មោះ វ៉ា វ៉ាន់ និត ភេទប្រុស អាយុ ១៧ឆ្នាំជាសិស្សនៅវិទ្យាល័យឬស្សីកែវ មានលំនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ព្រមទាំងដែកសម្រាប់កាច់កម៉ូតូ។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ម៉ូតូរូបនោះរួមទាំងមិត្តភក្កិ បាននាំគ្នាទៅលេង ផ្ទះមិត្តភក្កិ នៅបុរីសម្បិត្តមាស ក្នុងភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ហើយ ចតម៉ូតូទុកមុខ ផ្ទះ ត្រូវបានជនសង្ស័យ លួចយកទៅបាត់ពេលចេញមកបាត់ម៉ូតូ បានទូរស័ព្ទរាយការណ៍ប្តឹងនគរបាលប៉ុស្តិ៍ ទើបដឹងថា ជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួនបាន និងដកហូតបានម៉ូតូត្រឡប់មកវិញ ។

ជនសង្ស័យទាំង ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន សាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ឬស្សីកែវ ។ ចំណែកម៉ូតូនិងទូរស័ព្ទត្រូវបានគរបាលប្រគល់ឲ្យម្ចាស់វិញ ៕

មតិយោបល់