បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនជាតិចិន២នាក់ឈ្លោះគ្នាយ៉ាងខ្លាំងឈានដល់យកកាំបិតចុងស្រួចចាក់ត្រូវបំពង់.កបណ្តាលឲ្យស្លាប់ម្នាក់ចំណុចកាស៊ីណូហ្គេនទីងក្រុងប៉ោយប៉ែត។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នៅចំណុចកាស៊ីណូហ្គេនទីងជាន់ទី១១បន្ទប់លេខ១១១១ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីកើតហេតុកម្លាំងនគរបាលប៉ោយប៉ែតដឹកនាំដោយឯកឧត្តមមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវក្នុងករណីឃាតកម្មនេះបង្កដោយជនជាតិចិនដូចគ្នាដែលជនសង្ស័យជាដៃដល់ឈ្មោះសាយសឺសានភេទប្រុសអាយុ២៨ឆ្នាំស្នាក់នៅបន្ទប់ជួល។ជនរងគ្រោះឈ្មោះលីវយីហ្វុងភេទប្រុសអាយុ២៧ឆ្នាំជនជាតិចិនដូចគ្នាស្នាក់នៅបន្ទប់ជួលជាមួយជនសង្ស័យ។
សមត្ថកិច្ចបានបន្តថានៅមុនពេលកើតហេតុជនដៃដល់និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរហូតដល់ជនដៃដល់ឈ្មោះសាយសឺសានយកកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅប្រវែង៤០សង្ទីម៉ែត្រចាក់ទៅលើឈ្មោះលីវយីហ្វុងបណ្ដាលឲ្យរងរបួសធ្លាយបំពង់.កផ្នែកខាងស្ដាំស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុភ្លាមៗត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕
មតិយោបល់