ព័ត៌មានជាតិ

Update៖ មន្រ្តីកងរាជអាវុធហត្ថ ស័ក្តិបួនកន្លះម្នាក់ បាញ់សម្លាប់ប្រពន្ធ រួចបាញ់ខ្លួនឯងឲ្យស្លាប់តាមក្រោយ ដោយសារភ្លើងប្រច័ណ្ឌ

ភ្នំពេញ: បុរសជាមន្ត្រីកងអាវុធហត្ថម្នាក់ ដោយសារភ្លើងប្រច័ណ្ឌ សម្រេចចិត្តបាញ់សម្លាប់ប្រពន្ធខ្លួនឯង រួចហើយបានបាញ់បញ្ចប់ជីវិតរបស់ខ្លួនតាមក្រោយ ស្លាប់នៅក្នុងថ្លុកឈាម បន្សល់ទុកកូនស្រីម្នាក់ ឲ្យនៅកំព្រា ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិរោងចក្រចំណុចបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ជួប សារឿន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅកន្លែងកើតហេតុ ។ ចំណែកប្ដីមានឈ្មោះ សេង គឹមសាន្ត ហៅសុត អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុតហត្ថ ស័ក្តិបួនកន្លះ បណ្តាលឲ្យកូនស្រីម្នាក់ ឲ្យនៅកំព្រាដែលមានឈ្មោះ ល.ហ អាយុ១៥ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅបន្ទប់ជួលលេខ០២ ជាមួយគ្នា។

យោងតាមប្រភពពីបងស្រីម្នាក់ ត្រូវជាបងថ្លៃបានឲ្យអង្គភាពសារព័ត៌មាន បានឲ្យដឹងថា មុន ពេលកើតហេតុ គាត់ឮសំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងៗ ហើយស្រាប់តែមួយសន្ទះក្រោយមក រូបគាត់ក៏ឮសូរគ្រាប់កាំភ្លើងផ្ទុះចំនួន៤គ្រាប់ ស្រាប់តែគាត់ទៅមើលឃើញប្ដីស្លាប់ នៅកន្លែងដេកក្នុងថ្លុកឈាម និងប្រពន្ធស្លាប់ សភាពលត់ជង្គង់អោនមុខទៅនិងឥដ្ឋ នៅមុខចង្ក្រានបាយគួរឲ្យអាណោចអធ័ម ។

ក្រោយកើតហេតុ កម្លាំងនគរបាលខណ្ឌសែន និងកងរាជអាវុតហត្ថបានចុះមកកន្លែងកើតហេតុ និងព័ទ្ធខ្សែជុំវិញបន្ទប់ផ្ទះជួលខាងលើ ទុកឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ក្រោយពីធ្វើកំណត់ហេតុរួច ប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ៕

មតិយោបល់