ព័ត៌មានជាតិ

នគរបាលខេត្តកំពត បំភ្លឺជូនសាធារណៈ ករណីបងប្អូនជីដូនមួយ ប្រើអំពើហិង្សាដាក់គ្នា របួសធ្ងន់ទាំងសងខាង

កំពត: សេចក្តីបំភ្លឺព័ត៌មានស្នងការដ្ឋាននគរបាលខេត្តកំពត ពិនិត្យឃើញមានការចុះផ្សាយ របស់សារព័ត៌មានមួយចំនួន និងគណនីហ្វេសប៊ុក 05-HotNew 24h កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ចំណងជើងថា «សំណូមពរដល់សមត្ថកិច្ច ជួយវែកមុខជនបង្កផង ព្រោះថាជនដៃដល់ នៅមានសេរីភាពនៅឡើយ» ។

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជូនដូចខាងក្រោម៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៥០នាទី មានករណីហិង្សាទៅវិញទៅមក ស្ថិតនៅភូមិឫស្សីស្រុក ឃុំប្ញស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច រវាងគូភាគី០២ ក្រុមដែលត្រូវជាបងប្អូនជីដូននឹងគ្នា ដែលមានផ្ទះគន្លាតពីគ្នា៦០ម៉ែត្រ ហើយភាគីទាំងពីរក៏ធ្លាប់មានទំនាស់ពាក្យសម្តីគ្នាពីមុនមកដែរ ប៉ុន្តែពុំធ្លាប់ប្រើប្រាស់អំពើហិង្សាដាក់គ្នាដូចពេលនេះឡើយ ។

ករណីខាងលើនេះកើតឡើងដោយគូភាគីទី១ (មានគ្នាចំនួន ០៣ នាក់ : ឪពុក និងកូនប្រុស ០២ នាក់) បានជិះម៉ូតូតាមផ្លូវលំ ក្រួសក្រហម ឆ្លងកាត់មុខផ្ទះភាគីទី២ (មានគ្នាចំនួន០២នាក់: ឪពុក និងកូនប្រុស) ហើយបានមួលរោទិ៍ម៉ូតូសំឡេងខ្លាំងៗ ធ្វើឲ្យភាគីទី ២ ខឹងក៏បានយកកាំបិតលៀម មកដេញកាប់លើភាគីទី១ ឃើញដូច្នេះភាគីទី១ ក៏បានផ្តួលម៉ូតូចោលរួចរើសបានដំបង រួចប្រើហិង្សាទៅវិញទៅមក បណ្តាលឲ្យភាគីទាំងសង្ខាងរបួសធ្ងន់ រួមទាំងក្មួយប្រុសនៃគូភាគីទាំងពីរ ដែលចេញមកឃាត់នោះ ក៏រងរបួសខ្លាំងផងដែរ។

បច្ចុប្បន្ន ភាគីទាំងពីររងបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ជុំវិញករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនគូភាគីទាំងពីរទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តា ទទួលជ្រាបជាព័ត៌មាន៕

មតិយោបល់