ព័ត៌មានជាតិ

អនុប្រធានាធិបតីអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់សិង្ហបុរី និងវៀតណាម

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់សិង្ហបុរី និងវៀតណាមនៅក្នុងខែសីហានេះ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ទីប្រឹក្សាជាន់ខ្ពស់សេតវិមានលោកស្រី Symone Sanders កាលពីថ្ងៃសុក្រកន្លងទៅ។

លោកស្រីអនុប្រធានាធិបតីនឹងចូលជួបជាមួយមេដឹកនាំប្រទេសទាំងពីរ អំពីបញ្ហាពាក់ព័ន្ធនឹងសន្តិសុខតំបន់ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលកូវីដ១៩ ក៏ដូចជាបញ្ហាពាក់ព័ន្ធនឹងវិបត្តិអាកាសធាតុផងដែរ។

លោកស្រី Sanders បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយប្រទេសទាំងពីរ ហើយព្រមទាំងជាកិច្ចខិតខំមួយ ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅក្នុងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

អនុប្រធានាធិបតីចុងក្រោយបង្អស់ ដែលមកបំពេញទស្សនកិច្ចទៅសិង្ហបុរីគឺ លោក Mike Pence ដែលជាអនុប្រធានាធិបតីក្នុងរដ្ឋបាលលោក Donald Trump កាលពីឆ្នាំ២០១៨។ សម្រាប់វៀតណាមវិញ នេះជាលើកដំបូងហើយ ដែលអនុប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងមកបំពេញទស្សនកិច្ច៕

ប្រភព៖ CNA

 

មតិយោបល់