ព័ត៌មានជាតិ

កូនប្រុស ស្លាប់ចំណែកឪពុករបួសធ្ងន់ដោយរថយន្តបើកបុកម៉ូតូ

បន្ទាយមានជ័យ:យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ឪពុករងរបួសធ្ងន់ ចំណែកកូនប្រុសអាយុ១១ឆ្នាំបានបាត់បង់ជីវិតនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ ជនរងគ្រោះជាឪពុកឈ្មោះ គង់ តុលា ភេទប្រុស អាយុ៣៣ឆ្នាំ និងកូនឈ្មោះ ផាន សម្រេច ភេទប្រុស អាយុ១១ឆ្នាំ ទាំង០២នាក់ រស់នៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនរងគ្រោះទាំង០២នាក់ បានបើកម៉ូតូធុនសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ បានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយពេញទំហឹង បណ្តាល ឲ្យកូនប្រុសអាយុ១១ឆ្នាំ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកឪពុករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំណែករថយន្តក្រោយពីបង្កហេតុ បានបើករត់គេចខ្លួនបាត់ស្រមោល ។ សពកុមាររងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់