ព័ត៌មានជាតិ

ឃាតកម្មលើបុរសពីរនាក់ នៅស្ទឹងត្រែង សមត្ថកិច្ចចាប់ខ្លួនជនដៃដល់ម្នាក់ទៀតហើយ

ស្ទឹងត្រែងៈ ដោយមានការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់កម្លាំងអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ អាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការពន្លាតទឹកដីទៅដល់ខេត្តក្រចេះ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ក្នុងចំណោមបក្ខពួកគេពីរនាក់ ដែលបានសម្លាប់បុរសពីរនាក់កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦កន្លងទៅ បន្ទាប់ពីជនដៃដល់ទាំងពីរនាក់នោះ បានសារភាព។

គួររំឭកផងដែរថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនិងដោយមានការសម្របសម្រួលពីសំណាក់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការចុះស្រាវជ្រាវ ករណីឃាតកម្ម គិតទុកជាមុន ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ស្ថិតក្នុងភូមិសាស្ត្រវ៉ារីអគ្គិសនីសេសានក្រោយពីរ ភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។

អាវុធហត្ថខេត្តបានប្រាប់ថា ក្រោយពីធ្វើការសួរចម្លើយជនដៃដល់រយៈពេលពីរថ្ងៃរួចមក ទើបយើងដឹងថា មុនដំបូងជនសង្ស័យបានបបួលជនរងគ្រោះទៅឆក់ត្រីក្នុងអូរទាំងអស់មានចំនួន៥នាក់នាំគ្នាឆក់ម្តងម្នាក់ៗ ខណៈពេលដែលកំពុងតែឆក់ត្រីនោះ ជនដៃដល់និងជនរងគ្រោះបានប្រកែកគ្នាទៅវិញទៅមករឿងខ្ចីអង្ករ ក្រោយមកភាគគីរងគ្រោះបាននិយាយថា ឲ្យជនដៃដល់ថា “អញឆក់ឯងស្លាប់ឥឡូវហើយ”ឮដូចនោះ ជនដៃដល់ក៏បានខ្សឹបប្រាប់គ្នីគ្នា ដែលទៅជាមួយថា “អញចង់ធ្វើស៊ីអាហ្នឹងមួយ” ។ លុះក្រោយមកទៀតឱកាសល្អហុចមកដល់ជនដៃដល់ទាំងពីរនាក់ បានយកកាំបិតខ្វែវកាប់ពីក្រោយជនរងគ្រោះទី១.ឈ្មោះ ឃុន សុខបាន បណ្តាលឲ្យស្លាប់ភ្លាមនោះ ឈ្មោះ ភណ័ ដែលជាជនរងគ្រោះទី២ ឃើញដូចនោះរូបគេក៏រត់យករួចខ្លួន ប៉ុន្តែជាអកុសល ត្រូវបានជនដៃដល់ម្នាក់ទៀតឈ្មោះ ធឿន បានទាញកាំបិតខ្វែវមួយទៀតដេញកាប់ចំជើង បណ្តាលឲ្យដួលរួចកាប់បន្ថែមទៀតរហូតដល់ដាច់ខ្យល់ស្លាប់តែម្តង។

បន្ទាប់មកជនដៃដល់ទីមួយឈ្មោះ វិន ដា បានបញ្ជាឲ្យជនដៃដល់ទី២ ឈ្មោះ ធឿន ជួយសែងសាកសពជនរងគ្រោះទាំងពីរឡើងលើគោក ដោយប្រើពាក្យគំរាមថា “បើមិនជួយលើកទេអញនឹងសម្លាប់ឯងម្នាក់ទៀត”។ ភ្លាមនោះ ជនដៃដល់ទី២ ក៏ព្រមធ្វើតាមបញ្ជា បន្ទាប់មកទៀត ជនដៃដល់ បាននិយាយបន្តថា “ឯងមិនត្រូវប្រាប់អ្នកណាឲ្យដឹងរឿងនេះទេ”។

ក្រោយថ្ងៃកើតហេតុ ជនដៃដល់ទី១ បាននាំជនដៃដល់ទី២ រត់គេចខ្លួន ប៉ុន្តែជនដៃដល់ទី២ មិនព្រម លុះដល់រំលងបានមួយថ្ងៃមកទៀត ក៏ត្រូវបានប៉េអឹមចាប់ខ្លួនទាំងពីរនាក់តែម្តង។

អាវុធហត្ថបន្តថា ឃាតករសម្លាប់បុរសខាងលើមានចំនួនទាំងអស់៣នាក់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ គឺយើងឃាត់ខ្លួនបាន២នាក់ ទី១ឈ្មោះ វិន ដា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើត

នៅភូមិកន្ទួត ស្រុកចិត្តបូរី ខេត្តក្រចេះ គឺជា ជនដៃដល់។ ទី២ឈ្មោះ ធឿន ភេទប្រុស អាយុ២៦ ជាតិខ្មែរ មានស្រុកកំណើត នៅខេត្តកំពង់ចាម គឺជាជនដៃដល់។

លុះដល់ព្រឹកថ្ងៃទី១១ ខែឆ្នាំដដែល អាវុធហត្ថយើងឃាត់ខ្លួនបានម្នាក់ទៀតនៅខេត្តក្រចេះដែលមានឈ្មោះ ឌិន ភឿក អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ជនសង្ស័យម្នាក់នេះ គឺជាអ្នកផ្សំគំនិត និងជាអ្នកមើលផ្លូវ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានអាវុធហត្ថខេត្តកសាងសុំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការដាក់ទោសទៅតាមនីតិវិធីច្បាប់៕

photo_2016-08-11_17-14-26photo_2016-08-11_17-14-30photo_2016-08-11_17-14-32photo_2016-08-11_17-14-33photo_2016-08-11_17-14-35

មតិយោបល់