បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះអនុវត្តដីកាបង្គាប់អោយនាំខ្លួនចំនួន ៣ដីកា និងឃាត់ខ្លួនពិរុទ្ធជនចំនួន ៣នាក់។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍អោយដឹងថា កម្លាំងអធិការនគរបាលស្រុក បានអនុវត្តតាមដីការបង្គាប់អោយនាំខ្លួនចំនួន៣ ទី១.លេខ០២ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ របស់លោកស្រីចៅក្រមស៊ើបសួរ ជុំ សង្វា នៃសាលាដំបូងខេត្តបាត់ដំបង ទៅលើជនជាប់ចោទឈ្មោះ អាង ហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ក្នុងករណីលួច។ ការអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនទី២និងទី៣.លេខ៦៨៦ និងលេខ៦៨៧ ចុះថ្ងៃ០៦ ខែសីហា ឆ្នាំ២០២០ របស់លោកចៅក្រមជំនុំជំរះ ញូង ចន្ទី នៃសាលាដំបូងខេត្តបាត់ដំបង ទៅលើជនជាប់ចោទឈ្មោះ ម៉េង សុឆន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទនប់ទឹក ឃុំបវេល ស្រុកបវេល នឹងជនជាប់ចោទ១នាក់ទៀតឈ្មោះ ស្រាន សាវី ហៅ សាគាំ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល អ្នកទាំងពីរត្រូវបានជាប់ចោទពីបទទទួលផលចោរកម្ម។
ក្រោយអនុវត្តរួច ជនជាប់ចោទទាំងបីនាក់ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់