ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាអោយកម្លាំងនគរបាលខេត្តព្រះវិហារ ស្វែងរកចាប់ខ្លួនតៃកុងរថយន្តធុនធំ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ ៣នាក់ និងរងរបួសធ្ងន់ម្នាក់

ព្រះវិហារៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាអោយស្នងការរង និងប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តព្រះវិហារ ស្វែងរកចាប់ខ្លួនតៃកុងរថយន្តធុនធំដែលរត់គេចខ្លួន ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់៣នាក់ និងរងរបួសធ្ងន់ម្នាក់។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្លាប់០៣នាក់ភ្លាមនៅនឹងកន្លែង បែកសាកសពខ្ទិចមើលលែងយល់ ដោយសារថយន្តធុនធំ ដឹកស៊ីម៉ង់បុកពីក្រោយ ខណៈជនរងគ្រោះកំពុងជិៈម៉ូតូសេ125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1N -0842 ដុបគ្នា៣នាក់ ទិសដៅពីត្បូងទៅជើង នៅចំណុចភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ជនរងគ្រោះទី១-ឈ្មោះ តុញ សៅលី ភេទស្រី អាយុ៣០ឆ្នាំ, ទី២-ឈ្មោះ ម៉ារី ហាន់ណា ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូន និងទី៣-ឈ្មោះ ឃឹម ចាន់តុលា ភេទស្រី អាយុ៣៥ឆ្នាំ អ្នករួមដំណើរ ជនរងគ្រោះទាំង៣នាក់មានទីលំនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

លោកវរសេនីយ៍ឯក ស៊ី សុគន្ធរដ្ឋា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ម៉ូតូជនរងគ្រោះជិៈពីត្បូងទៅជើង ខណៈពេលនោះមានរថយន្តហាយឡែនឌ័រ ពាក់ផ្លាកលេខ ភ្នំពេញ 2N-0842 ពណ៌ប្រផេះ បើកស្របទិសគ្នា ក្នុងល្បឿនមធ្យម ចៃដន្យរថយន្តម៉ាក HiNO ពាក់ផ្លាកលេខ ភ្នំពេញ 3E -9321ដឹកស៊ីម៉ង់ត៍មកពីក្រោយក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្នក៏បានកៀររថយន្តហាយឡែនឌ័រ ហើយរេចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង បែកសាកសពខ្ទិច ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនឹងប្រគល់សពជនរងគ្រោះទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់